Close

អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃអង្គារនេះ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:00 am ព័ត៌មានអន្តរជាតិ
អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃអង្គារនេះ អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃអង្គារនេះ

ហ្វីលីពីន៖ អតីតប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលកាលពីថ្ងៃអង្គារនេះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Postនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥។

ប្រភពដដែលបន្តថា លោក Rodrigo Duterte ត្រូវបានចាប់ខ្លួនបន្ទាប់ពីមកពីទីក្រុងហុងកុង ហើយប៉ូលិសបានចាប់លោកទៅឃុំខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទាក់ទងនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្តឹងលោក។
ទាក់ទិននឹងបញ្ហានេះ ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jnr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការបាននឹងកំពុងស៊ើបអង្កេតការសម្លាប់រង្គាលដែលបានកើតឡើងក្នុងអំឡុងពេលនៃការបង្ក្រាបដ៏សាហាវរបស់លោក Duterte ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។

តុលាការអន្តរជាតិ (ICC )បានបើកការស៊ើបអង្កេតលើការសម្លាប់លើជនអ្នកប្រើប្រាស់គ្រឿងញៀនក្រោមការដឹកនាំរបស់លោក Duterte ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១១ នៅពេលដែលលោកនៅជាអភិបាលក្រុង Davao ភាគខាងត្បូង រហូតដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩ ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

អតីតប្រធានាធិបតីហ្វីលីពីន លោកDuterte ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃអង្គារនេះ

លោក Duterte បានដកប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៩ ចេញពីលក្ខន្តិកៈទីក្រុងរ៉ូម នៅក្នុងសកម្មភាពដែលសកម្មជនសិទ្ធិមនុស្សនិយាយថា មានគោលបំណងគេចចេញពីការទទួលខុសត្រូវលើការសម្លាប់នេះ។
រដ្ឋបាលលោក Duterte បានផ្លាស់ប្តូរដើម្បីផ្អាកការស៊ើបអង្កេតរបស់តុលាការនៅចុងឆ្នាំ ២០២១ ដោយលើកហេតុផលថាអាជ្ញាធរហ្វីលីពីនកំពុងពិនិត្យមើលការចោទប្រកាន់ដូចគ្នានេះរួចហើយ ដោយនិយាយថា ICC ដែលជាតុលាការចុងក្រោយបង្អស់មិនមានយុត្តាធិការ។

ចៅក្រមសាលាឧទ្ធរណ៍នៅ ICC បានសម្រេចក្នុងខែកក្កដា ឆ្នាំ២០២៣ ថា ការស៊ើបអង្កេតអាចបន្តឡើងវិញ និងបានច្រានចោលការជំទាស់របស់រដ្ឋបាល Duterte ។ មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ICC អាចឈានជើងចូលនៅពេលដែលប្រទេសនានាមិនសុខចិត្ត ឬមិនអាចកាត់ទោសជនសង្ស័យក្នុងឧក្រិដ្ឋកម្មអន្តរជាតិដ៏សាហាវបំផុត រួមទាំងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អតីតប្រធានាធិបតីហ្វីលីពីន លោកDuterte ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃអង្គារនេះ

ប្រធានាធិបតី Marcos ដែលទទួលតំណែងប្រធានាធិបតីបន្ទាំប់ពីលោក Duterte ក្នុងឆ្នាំ ២០២២ ហើយបានជាប់ពាក់ព័ន្ធក្នុងជម្លោះនយោបាយដ៏ជូរចត់ជាមួយអតីតប្រធានាធិបតីនោះ បានសម្រេចចិត្តមិនចូលរួមជាមួយតុលាការពិភពលោកឡើងវិញ។ ប៉ុន្តែរដ្ឋបាលលោក Marcos បាននិយាយថា ខ្លួននឹងសហការ ប្រសិនបើ ICC ស្នើឱ្យប៉ូលិសអន្តរជាតិចាប់លោក Duterte ចូលទៅក្នុងមន្ទីរឃុំឃាំង តាមរយៈអ្វីដែលហៅថា Red Notice ដែលជាសំណើសម្រាប់ភ្នាក់ងារអនុវត្តច្បាប់ទូទាំងពិភពលោក ដើម្បីស្វែងរក និងចាប់ខ្លួនជនសង្ស័យឧក្រិដ្ឋកម្មជាបណ្តោះអាសន្ន។

ការិយាល័យទំនាក់ទំនងប្រធានាធិបតី បានបញ្ជាក់ថា ប៉ូលីស Interpol នៅទីក្រុងម៉ានីល បានទទួលដីកាចាប់ខ្លួនដែលចេញដោយ ICC ហើយត្រូវយកទៅឱ្យ ដល់លោក Duterte នៅពេលលោកមកដល់ទីក្រុងម៉ានីលពីទីក្រុងហុងកុងកាលពីថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍បាននិយាយថា មន្ត្រីប៉ូលិសជាតិហ្វីលីពីនមានវត្តមាននៅអាកាសយានដ្ឋាន ដើម្បីអនុវត្តដីកានេះ៕