សៀង ចន្ធា ជាកីឡាករខ្មែរម្នាក់គត់រកបានលើសពី ១០គ្រាប់ នៅលីគកំពូលកម្ពុជា រដូវកាលនេះ
កាលពីចុងសប្ដាហ៍កន្លងទៅនេះ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបនាគខៀវបឹងកេត កីឡាករ សៀង ចន្ធា បានស៊ុតបញ្ជូលទីចំនួន៣គ្រាប់ម្នាក់ឯង ធ្វើឲ្យរូបគេក្លាយជាកីឡាករខ្មែរម្នាក់គត់រកបានគ្រាប់បាល់ ច្រើនជាង១០គ្រាប់ គិតត្រឹមសប្ដាហ៍ទី២១ នៃការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) រដូវកាលនេះ។
កីឡាករ សៀង ចន្ធា បានបង្ហាញភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អ បច្ចេកទេសក្នុងការអូសបាល់ និងគុណភាពក្នុងការបញ្ចប់ទី។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅនេះ រូបគេបានស៊ុតបញ្ជូលទីចំនួន៣គ្រាប់ម្នាក់ឯង យ៉ាងអស្ចារ្យ ជួយឲ្យក្រុមបឹងកេត យកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៨-១ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
គ្រាប់បាល់ ៣គ្រាប់នេះ ជួយឲ្យកីឡាករ ចន្ធា ឡើងឈរកំពូលតារាងកីឡាករខ្មែរ រកបានគ្រាប់បាល់ច្រើនជាងគេ ដោយមាន ១១គ្រាប់ ដែលតាមពីក្រោយដោយកីឡាករ ម៉ាត់ នូរុណ និង ស រតនា មានម្នាក់ ៨គ្រាប់ដូចគ្នា ខណៈកីឡាករ ហាវ សុខនេត្រ មាន ៧គ្រាប់។
គិតត្រឹមសប្ដាហ៍ទី២១ នេះ ខ្សែប្រយុទ្ធរបស់ក្រុមភ្នំពេញក្រោន កីឡាករ JELLE JOOST GOSELINK បានកំពុងនាំមុខកំពូលតារាងគ្រាប់ស៊ុតច្រើនជាងគេក្នុងលីគ រដូវកាលនេះ ដោយមាន ១៦គ្រាប់ តាមពីក្រោយដោយកីឡាករ Souza Ramon របស់វិសាខា មាន ១៤គ្រាប់ និង BALANGA AGOSTINHO JOSEMA របស់កងយោធពលខេមរភូមិន្ទ ដែលកំពុងព្យាបាលរបួស ឈរលេខ៣ មាន ១៣គ្រាប់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ អង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៤៩ពិន្ទុ តាមពីក្រោយដោយក្រុមសឹងក្រហមភ្នំពេញក្រោន មាន ៤៨ពិន្ទុ ខណៈវិសាខា ឈរនៅលេខ៣ មាន ៤១ពិន្ទុ៕