ពិសេសណាស់! AFC Challenge League វគ្គ ៨ក្រុម ចុងក្រោយប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង នឹងលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ
![ពិសេសណាស់! AFC Challenge League វគ្គ ៨ក្រុម ចុងក្រោយប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង នឹងលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ](https://ennasia.com/wp-content/uploads/2025/02/1-5.jpg)
ការប្រកួតពានរង្វាន់ AFC Challenge League វគ្គ ៨ក្រុមចុងក្រោយប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង នឹងលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈនេះជាលើកដំបូងហើយ ដែលកីឡដ្ឋានមួយដ៏ប្រណិតមួយនេះ មានការប្រកួតផ្លូវការ បន្ទាប់ពីដាំស្មៅមកវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ បានអញ្ជើញទទួលជួបពិភាក្សាជាមួយនឹងប្រតិភូក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយ លោក Christopher Grant អ្នកចាត់ការទូរទៅក្លឹប ដើម្បីពិភាក្សាលើការរៀបចំការប្រកួតបាល់ទាត់ ក្នុងក្របខណ្ឌ AFC CHALLENGE LEAGUE។
ដូច្នេះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ប្រកួតទល់នឹងក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងជើងទី១ នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ មុនពេលហោះទៅកាន់ទឹកដី Shan United នៅជើងទី២។
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់ទឹកប្រាក់ ២០ម៉ឺនដុលា្លររួចមកហើយគិតមកទល់ពេលនេះ ពោលគឺការចូលរួមប្រកួតវគ្គចែកពូល ទទួលបាន ១០ម៉ឺនដុល្លារ, កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ទទួលបាន ៨ម៉ឺនដុល្លារ និងឈ្នះ ១ប្រកួត នៅវគ្គចែកពូល ទទួលបាន ២ម៉ឺនដុល្លារ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបាន ១លានដុល្លារ ខណៈជើងឯករង ទទួលបាន ៥០ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់៕