Close

ខែកុម្ភៈ ជាខែដ៏លំបាករបស់ Manchester City

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
ខែកុម្ភៈ ជាខែដ៏លំបាករបស់ Manchester City ខែកុម្ភៈ ជាខែដ៏លំបាករបស់ Manchester City

ក្រុមមេឃខៀវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ហាក់បង្ហាញទម្រង់លេងមិនសូវល្អនោះទេ មួយរយៈពេលចុងក្រោយនេះ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាង Premier League និងស្ទើរតែធ្លាក់ចេញពីពានរង្វាន់អឺរ៉ុប UCL ទៀតផង។

ជាក់ស្ដែង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុម Man City ដែលធ្លាប់តែជាជើងខ្លាំង ត្រូវបានក្រុមកាំភ្លើងធំ Arsenal លត់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង៦ម៉ឺននាក់ នៅ Emirates Stadium។

មែនទែនទៅ ការធ្លាក់ទម្រង់លេងរបស់ Man City គឺដោយសារបញ្ហារបួសកីឡាករសំខាន់ៗមួយចំនួនដូចជា Rodri, Nathan Aké, Jeremy Doku, Rúben Dias និង Kevin De Bruyne ជាដើម ជាហេតុធ្វើឲ្យក្រុមចាញ់ច្រើនប្រកួតមែនទែន ទាំងនៅ Premier League និង UCL។ មិនតែប៉ុណ្ណោះ ក្លិបយក្សអង់គ្លេសមួយនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចោទប្រកាន់ចំនួន ១១៥ករណីផងដែរ ពិសេសគឺការបំពានច្បាប់ហិរញ្ញវត្ថុ។

ខែកុម្ភៈ ជាខែដ៏លំបាករបស់ Manchester City

ស្របពេលដែលក្លិបកំពុងតែដុនដាប់ ក្នុងខែកុម្ភៈនេះ Man City ត្រូវធ្វើការធ្ងន់បន្ថែមទៀត ដោយត្រូវប្រកួតជាមួយក្រុមខ្លាំងៗជាច្រើន ដែលមានដូចជា Real Madrid, Newcastle, Liverpool និង Tottenham Spurs ជាដើម។

បច្ចុប្បន្ន Real Madrid កំពុងឈរកំពូលតារាងនៅ LALIGA និងជាម្ចាស់ការពារដំណែងជើងឯក UCL ផងដែរ ដូច្នេះការប្រកួតនេះ Man City នឹងត្រូវធ្វើការធ្ងន់ជាក់ជាមិនខាន។ ចំណែកក្រុម Liverpool កំពុងឈរកំពូលតារាងនៅ Premier League ដោយដាច់ពិន្ទុពីក្រុម Man City ចំនួន ១៥ពិន្ទុ ដូច្នេះការប្រកួតនេះ កាន់តែលំបាកថែមមួយកម្រិតទៀត ខណៈដែល Tottenham Spurs ជាក្រុមមួយដែល Man City ពិបាកយកឈ្នះបំផុត នៅពេលដែលពួកគេជួបគ្នា នាពេលកន្លងមក។

ដូច្នេះយើងនឹងចាំរងមើលទាំងអស់គ្នាថាតើ Man City អាចត្រលប់មករកភាពខ្លាំងរបស់ខ្លួនមកវិញបានដែរឬទេ ខណៈក្លិបយក្សមួយនេះ លើកពាន Premier League ៤ឆ្នាំជាប់ៗគ្នា(2020–21, 2021–22, 2022–23, 2023–24)៕


ខែកុម្ភៈ ជាខែដ៏លំបាករបស់ Manchester City

អត្ថបទទាក់ទង