Close

គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន១ នៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។

គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍

ជាលទ្ធផលបឋម សំណើសុំគោលការណ៍ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនេះ ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៥ ទី១.តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) ទី២.តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ទី៣.តំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ ទី៤.តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេន បូកគោ ទី៥.តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក ស្ទឹងហាវ ហើយអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន ចំពោះបញ្ហាទឹកស្អាត និងអគ្គិសនី ខេត្តមានគ្រប់គ្រាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាប៉ូលទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍៕


គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍

អត្ថបទទាក់ទង