គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ចាត់ទុកការប៉ះ 𝗧𝗵𝗮𝗻𝗵 𝗛𝗼𝗮 ស្អែកនេះ ដូចជាការប្រកួតផ្ដាច់ព្រ័ត្រ
គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានចាត់ទុកការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ប្រៀបដូចការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីរក្សាឱកាសប្រជែងកៅអីទៅកាន់វគ្គបន្ដ នៃការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup ។
ការលើកឡើងនេះ ធ្វើឡើងមុនពេលក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើដំណើរទៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃច័ន្ទ ដើម្បីត្រៀមចូលរួមការប្រកួតពូល A នៃពានរង្វាន់ ASEAN Club Championship Shopee Cup ជាមួយក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋាន Thanh Hoa ។
លោក Pep បានចាត់ទុកការប្រកួតនេះ ប្រៀបដូចជំនួបផ្ដាច់ព្រ័ត្រ ដ្បិតបើកឈ្នះព្រះខ័នរាជ ត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសប្រជែងកៅអីវគ្គបន្ដ ខណៈបើចាញ់ នឹងអស់ឱកាសតែម្ដង ។ លោក Pep លើកឡើងថា Thanh Hoa គឺជាក្រុមខ្លាំងក្នុងពូល ដែលមានរបៀបលេងស្រដៀងគ្នា នឹងក្រុមខ្លួនដែរ ហើយលោកបានផ្ដោតការប្រកួតនេះជាសំខាន់។
ជាមួយគ្នានេះ ប្រធានក្រុម សឿយ វិសាល បានលើកឡើងស្រដៀងគ្នា ដោយបានប្ដេជ្ញាជាមួយឆន្ទៈយ៉ាងមុតមាំក្នុងការប្រកួតដ៏សំខាន់នេះ ដើម្បីស្វែងរកលទ្ធផលល្អ និងមានឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីក្រុមខ្លួន មានការប្រកួតដ៏មមាញឹក ហើយមានកីឡាករខ្លះ មានបញ្ហារបួសក៏ដោយ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ ក្នុងពូល A ដោយរកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ ខណៈនៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាថ្ងៃពុធនេះ និងប្រកួតចុងក្រោយ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។ ចំណែកក្រុម PSM Makasar កំពុងឈរកំពូលតារាង មាន ៧ពិន្ទុ តាមពីក្រោយដោយក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United របស់ថៃ ដែលរកបាន ៥ពិន្ទុស្មើគ្នា ខណៈ Shan United ឈរបាតតារាង មាន ០ពិន្ទុ៕