ទីបំផុត! Barcelona អាចចុះឈ្មោះ Dani Olmo និង Pau Victor ជាផ្លូវការ
ក្លឹប FC Barcelona បានប្រកាសនៅថ្ងៃសុក្រនេះថា ទាំង Dani Olmo និង Pau Víctor ត្រូវបានចុះឈ្មោះជាផ្លូវការជាមួយ La Liga និង RFEF ដែលបង្ហាញពីការវិលត្រឡប់របស់ពួកគេទៅកាន់ក្រុម Barcelona វិញ ហើយអាចចូលលេងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់នឹង Ream Madrid នៅថ្ងៃអាទិត្យ។
មែនទែនទៅ ការត្រឡប់មកវិញ ចំពេលមានភាពចម្រូងចម្រាសនៃការចុះឈ្មោះ។ ស្ថានភាព Olmo និងVíctor កាន់តែស្មុគស្មាញ នៅពេលដែល La Liga នៅថ្ងៃទី ១ ខែមករា បានដកកីឡាករទាំងពីរចេញពីក្រុមផ្លូវការរបស់ Barcelona ដោយលើកឡើងពីការមិនគោរពតាមផ្នែករដ្ឋបាល។ ទោះជាយ៉ាងណាក៏ដោយ Consejo Superior de Deportes (CSD) បានចេញវិធានការបណ្តោះអាសន្នជាបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយអនុញ្ញាតឱ្យការចុះឈ្មោះឡើងវិញរបស់ពួកគេ រហូតដល់បណ្តឹងឧទ្ធរណ៍ត្រូវបានដោះស្រាយយ៉ាងច្បាស់លាស់។
គួររំលឹកថា ខ្សែបម្រើ Dani Olmo និងខ្សែប្រយុទ្ធ Pau Victor ត្រូវបានអនុញ្ញាតអោយលេង សម្រាប់ Barcelona បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាតិរបស់អេស្ប៉ាញ បានអនុញ្ញាតអោយក្លិបនៅក្របខណ្ឌ La Liga មួយនេះ ចុះឈ្មោះកីឡាករទាំង២ ជាបណ្តោះអាសន្ន។ Barcelona បានចុះហត្ថលេខាលើកីឡាករទាំង២នាក់ ប៉ុន្តែដោយសារតែក្លិបមិនអាចបំពេញតាមការកំណត់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ La Liga ពួកគេត្រូវបានអនុញ្ញាតអោយចុះឈ្មោះ លេងតែពាក់កណ្តាលរដូវកាលដំបូងប៉ុណ្ណោះ។
ក្រោយមក សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF និងស្ថាប័ន La Liga បានបដិសេធសំណើចុះឈ្មោះកីឡាករទាំងពីរ សម្រាប់ពាក់កណ្តាលរដូវកាលដែលនៅសល់។ RFEF និង La Liga ក៏ធ្លាប់បានច្រានចោលសំណើរបស់ Barcelona ប៉ុន្តែតុលាការកីឡារដ្ឋបាល CSD បានរក្សាការប្តឹងឧទ្ធរណ៍របស់ក្លិបដោយបញ្ជាក់ថា កីឡាករទាំង២ មានសិទ្ធិក្នុងអាជីពកីឡាស្របតាមសក្តានុពលរបស់ពួកគេជាមួយនឹងការធានាត្រឹមត្រូវ។
គួរបញ្ជាក់ថា Dani Olmo បានចុះហត្ថលេខាពី RB Leipzig ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ កាលពីខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃប្រហែល ៥៥លានអឺរ៉ូ ស្របពេលដែល Pau Victor ត្រូវបានចុះឈ្មោះត្រឹមតែពាក់កណ្តាលរដូវកាលដំបូងប៉ុណ្ណោះ ហើយការអនុញ្ញាតិរយៈពេល ៤ខែរបស់ពួកគេ បានផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤៕