Close

អតីតមេទ័ព៖ អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អតីតមេទ័ព៖ អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា អតីតមេទ័ព៖ អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា

អ៊ីស្រាអែល៖ អតីតរដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល លោក Moshe Yaalon បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងការបោសសម្អាតជនជាតិភាគតិចនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមានការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រឆាំងនឹងនាយករដ្ឋមន្ត្រី Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ។

លោក Yaalon អតីតអគ្គសេនាធិការកងទ័ព បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា «ក្រុមអ្នកនយោបាយរឹងរូសនៅក្នុងគណៈរដ្ឋមន្ត្រីស្តាំនិយមរបស់លោក Netanyahu កំពុងស្វែងរកការដេញជនជាតិប៉ាឡេស្ទីនពីភាគខាងជើង Gaza ហើយចង់បង្កើតការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វឡើងវិញនៅទីនោះ»។

លោក Yaalon បានប្រាប់ទូរទស្សន៍សាធារណៈ Kan កាលពីថ្ងៃអាទិត្យថា «ខ្ញុំត្រូវបានគេបង្ខំឱ្យព្រមានអំពីអ្វីដែលកំពុងកើតឡើងនៅទីនោះ ហើយកំពុងត្រូវបានលាក់បាំងពីពួកយើង ។នៅចុងបញ្ចប់នៃថ្ងៃ ឧក្រិដ្ឋកម្មសង្រ្គាមកំពុងត្រូវបានប្រព្រឹត្ត»។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ឯកជន DemocratTV លោក Yaalon បាននិយាយថា «ផ្លូវដែលយើងកំពុងត្រូវបានដឹកនាំគឺការសញ្ជ័យ (ការបញ្ជូនប្រជាជនខ្លួនមករស់នៅ) ជា ឧបសម្ព័ន្ធ និងការបោសសម្អាតជនជាតិភាគតិច»។

អតីតមេទ័ព៖ អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា

លោក Yaalon បានបម្រើការជារដ្ឋមន្ត្រីការពារជាតិក្រោមការដឹកនាំរបស់លោក Netanyahu ពីឆ្នាំ២០១៣ ដល់ ២០១៦ហើយបានក្លាយជាអ្នករិះគន់យ៉ាងខ្លាំងក្លាទៅលើនាយករដ្ឋមន្ត្រីចាប់តាំងពីពេលនោះមក។

គណបក្ស Likud របស់ លោក Netanyahu បានចោទប្រកាន់លោក Yaalon ថាបានផ្សព្វផ្សាយ «ភូតកុហក» ខណៈដែលរដ្ឋមន្ត្រីការបរទេស លោក Gideon Saar ប្រធានគណបក្សស្តាំនិយមតូចមួយបាននិយាយថា ការចោទប្រកាន់របស់លោក គឺគ្មានមូលដ្ឋាន។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC )កាលពីខែមុនបានចេញដីកាចាប់ខ្លួនលោក Netanyahu និង Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងជម្លោះ Gaza ៕
https://www.aljazeera.com/news/2024/12/2/israel-committing-war-crimes-in-gaza-says-former-army-chief-moshe