កាសែតឥណ្ឌូនេស៊ី ចាត់ទុក វៀតណាម ជាក្រុមខ្លាំងជាងគេ នៅ AFF Cup ឆ្នាំនេះ
យោងតាមកាសែតកីឡារបស់ឥណ្ឌូនេស៊ី Bola ខណៈពេលដែលក្រុមដូចជាឥណ្ឌូនេស៊ី និងថៃ ហាក់មិនសូវផ្ដោតលើការប្រកួតប្រជែងខ្លាំង ក្នុងការប្រកួត AFF Cup 2024 នេះ វៀតណាម កំពុងក្លាយជាគូរប្រកួតប្រជែងខ្លាំងបំផុត ដោយបានបង្ហាញសាច់ដុំរបស់ខ្លួន គម្រាមដល់ក្រុមទាំងអស់ នៅក្នុងពានរង្វាន់នេះ។
ក្នុងការវិភាគលើក្រុមមុនការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF Cup 2024 ឆ្នាំនេះ ការសែត Bola បានចាត់ទុក វៀតណាម ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ជាក្រុមដែលមានការប្រកួតប្រជែងខ្លាំង។
វៀតណាម ចូលទៅក្នុងការប្រកួតប្រជែងក្នុងយុគសម័យថ្មី បន្ទាប់ពីបណ្តេញគ្រូបង្វឹកដ៏ល្បី Philippe Troussier កាលពីខែមីនា។ ទម្រង់លេងរបស់ក្រុមជម្រើសជាតិ បានជួបការលំបាកក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងទម្រង់លេងដ៏ខកចិត្ត ក្នុងការប្រកួត Asian Cup និងវគ្គជម្រុះ World Cup។ បន្ទាប់ពីធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០០ ដល់លេខ ១១៦ ក្នុងចំណាត់ថ្នាក់របស់ FIFA សហព័ន្ធបាល់ទាត់វៀតណាម (VFF) ហាក់ក្ដោស្លឹកត្រចៀក ដោយបានតែងតាំងគ្រូបង្វឹកកូរ៉េខាងត្បូង Kim Sang-sik ជាមួយនឹងក្តីសង្ឃឹមថា យ៉ាងហោចណាស់ អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2024 នេះ។
កាសែត Bola របស់ឥណ្ឌូនេស៊ី បានសរសេរថា ៖«វៀតណាម ប្រៀបដូចជាសេះខ្មៅ ដែលមានសក្តានុពលគួរឲ្យកត់សម្គាល់។ ពួកគេពិតជាយកចិត្តទុកដាក់ ចំពោះការរៀបចំរបស់ពួកគេ ដោយធ្វើការដោយកម្លាំងពេញលេញជាមួយនឹងកីឡាករសំខាន់ៗរបស់ពួកគេ ហើយថែមទាំងបានហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូងផងដែរ»។
ជាក់ស្ដែង ក្នុងការប្រកួតមិត្តភាពចំនួន៣ ជាមួយក្រុមនៅលីគកំពូលកូរ៉េខាងត្បូង ក្រុមជម្រើសជាតិវៀតណាម ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះ ទាំង៣ប្រកួត ពោលគឺស៊ុតបញ្ជូលទីមួយប្រកួតមិនក្រោម២គ្រាប់ឡើយ។
ទោះយ៉ាងណាក៏ដោយ វៀតណាម នឹងគ្មានកីឡាករសំខាន់ៗមួយចំនួន សម្រាប់ការប្រកួតដូចជាខ្សែការពារ Que Ngoc Hai ខ្សែបម្រើ Do Hung Dung និងខ្សែប្រយុទ្ធ Nguyen Cong Phuong ដោយសារបញ្ហាកាយសម្បទា។ ខ្សែប្រយុទ្ធជើងចាស់ Nguyen Van Quyet បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ខណៈដែលខ្សែការពារ Doan Van Hau នៅតែមិនទាន់ជាសះស្បើយពីរបួស។
គ្រូបង្វឹក Kim Sang-sik បានកោះហៅសុទ្ធតែជាក្រុមជម្រើសជាតិឈុតធំ ហើយលើសពីនេះ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Rafaelson អាចចូលរួមជាមួយក្រុមជម្រើសជាតិវៀតណាម បន្ទាប់ពីទទួលបានភ្លើងខៀវ ពី FIFA។
ផ្ទុយទៅវិញ កាសែត Bola វាយតម្លៃថា ថៃ ដែលជាម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ ៧សម័យ និងជាម្ចាស់ការពារជើងឯកឆ្នាំនេះ ហាក់ដូចជា «មិនផ្ដោតលើពានរង្វាន់នេះខ្លាំងពេកនោះទេ ដោយដាក់សុទ្ធតែជាកីឡាករជាប់ជម្រើសជាតិថ្មីថ្មោង»។ មែនទែនទៅ នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៤ មក ដែលក្រុមដំរិសឹកថៃ គ្មានកីឡាករសំខាន់បួននាក់គឺខ្សែការពារ Theerathon Bunmathan, ខ្សែបម្រើ Sarach Yooyen, ខ្សែប្រយុទ្ធ Chanathip Songkrasin (Messi ថៃ) និងខ្សែប្រយុទ្ធ Teerasil Dangda ។ បន្ថែមពីលើនេះ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Thai League 1 គឺ Supachai Chaided ក៏នឹងអវត្តមានក្នុងពានរង្វាន់នេះដូចគ្នា។
យ៉ាងណាក៏ដោយ គ្រូបង្វឹក Masatada Ishii នៅតែមាននាំលេងមួយចំនួនផងដែរ ដូចជា Supachok Sarachat, Suphanat Muaenta, Nicholas Mickelson និង Weerathep Pomphan ។
ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោបំផុតនៅក្នុងតំបន់ បន្ទាប់ពីមានទម្រង់លេងយ៉ាងអស្ចារ្យក្នុងជុំទី៣ នៃការប្រកួតជម្រុះ World Cup 2026។ យ៉ាងណាក៏ដោយ កាសែតខាងលើ បានកត់សម្គាល់ថា ឥណ្ឌូណេស៊ី ហាក់ដូចជាផ្តោតលើការជម្រុះ World Cup ជាជាងផ្តល់អាទិភាពដល់ការប្រកួត AFF Cup បើទោះបីជាបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្រុមទាំង៦ ក៏ដោយ។
កាសែត Bola បាននិយាយថា៖ «ប្រទេសឥណ្ឌូណេស៊ី មើលឃើញពាន AFF Cup ឆ្នាំ ២០២៤ ជាឱកាសសម្រាប់កីឡាករវ័យក្មេង ដើម្បីទទួលបានបទពិសោធថ្មីលើឆាកអន្តរជាតិ និងបង្កើនជំនាញ សម្រាប់ពង្រឹងសមត្ថភាព»។
គ្រូបង្វឹក Shin Tae-yong បានកោះហៅកីឡាករចំនួន ៣៣នាក់ ក្នុងនោះ ២៩ នាក់ ក្នុងចំណោមពួកគេ មានអាយុ ២១ឆ្នាំ ឬក្មេងជាងនេះ។ បញ្ជីនេះ ក៏មានកីឡាករ៨រូប ដែលបានចូលរួមក្នុងការប្រកួតជម្រុះ World Cup ផងដែរ។ ក្រុមនេះក៏អាចជាស្នូលនៃក្រុម U22 ឥណ្ឌូនេស៊ី សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៥ នៅប្រទេសថៃ ផងដែរ។
គួរបញ្ជាក់ថា ពានរង្វាន់ AFF Cup នឹងប្តូរឈ្មោះទៅជា ASEAN Cup ចាប់ពីឆ្នាំ 2024 ហើយនឹងដំណើរការចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥។ ក្រុមចំនួន 10 ដែលចូលរួមនឹងត្រូវបែងចែកជាពីរពូល ហើយបន្តយក២ក្រុម ក្នុងមួយពូល លេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃ ជាក្រុមដែលជោគជ័យជាងគេ ក្នុងពានរង្វាន់ AFF Cup នេះ ដោយឈ្នះសរុប ៧ដង តាមពីក្រោយដោយសិង្ហបុរី ឈ្នះ ៤ដង វៀតណាម ២ដង និងម៉ាឡេស៊ី ធ្លាប់ឈ្នះម្ដង៕