ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ មានប្រទេស ចូលរួមចំនួន ២៤ប្រទេស
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ឯកឧត្តម មៀម រ៉ា បានគូសបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នឹងមានប្រទេស ចូលរួមចំនួន ២៤ប្រទេស ខណៈរូបមន្តនៃការប្រកួត យកតាមលំនាំតាមស៊ីហ្គេម។
ឯកឧត្តម មៀម រ៉ា ថ្លែងបែបនេះ ក្នុងសន្និសិទសារព័ត៌មាន ស្តីពីការ ប្រកាសរៀបចំ ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ ដែលនិងធ្វើឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ។
បើតាមឯកឧត្តម ប្រធានសហព័ន្ធ ក្រៅពីកីឡាករអាជីព និងពាក់កណ្តាលអាជីព ក៏មានកុមារាចាប់ពីអាយុ ១០ ដល់ ១៣ឆ្នាំ ដែលមានឥណ្ឌា ប៉ះកីឡាករខ្មែរ ក៏ដូចជាកុមារាអាយុ ១៤ ដល់ ១៧ឆ្នាំ មកពីបណ្ដាប្រទេសផ្សេងៗផងដែរ ។
សម្រាប់ការដាក់ប្រភេទអាយុក្មេងៗទាំងអស់នេះចូលយើងមានគោលដៅពង្រឹងសមត្ថភាពពួកគាត់ ដោយគ្រោងដាក់បញ្ចូលវិញ្ញាសាគុនខ្មែរអន្តរជាតិចូលរួមនៅក្នុងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏ជាការសម្រួចមួយក្នុងទិសដៅឆ្ពោះទៅអូឡាំពិកហ្គេមឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលីផងដែរ។
គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ នឹងធ្វើឡើងពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមមានដូចជា កៀរហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ បារាំង អាមេរិក ជាដើម។ សរុប មាន២៤ប្រទេស កីឡាករ កីឡាការិនី ១១៨នាក់។ ក្នុងនោះ បារាំង មានកីឡាករកីឡាការិនីច្រើនជាងគេ គឺ១៧នាក់៕