មិនធម្មតា! ឥណ្ឌូនេស៊ី យកឈ្នះ អារ៉ាប៊ីសាអូឌីត ក្នុងវគ្គជម្រុះ World Cup 2026
ពីរគ្រាប់របស់កីឡាករវ័យក្មេង Marselino បានជួយ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី យកឈ្នះ អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-០ ខណៈនេះក៏ជាជ័យជម្នះជាលើកដំបូងផងដែរ សម្រាប់ ឥណ្ឌូនេស៊ី ក្នុងការប្រកួតជម្រុះជុំទី៣ នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ តំបន់អាស៊ី កាលពីល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា។
ឥណ្ឌូណេស៊ី មិនដែលឈ្នះអារ៉ាប៊ីសាអូឌីតទេ ក្នុង ១៣ ប្រកួតកន្លងមក។ ប៉ុន្តែប្រវត្តិសាស្រ្តបានផ្លាស់ប្តូរ បន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Gelora Bung Karno កាលពីម្សិលមិញ បើទោះបីជា Shin Tae-yong និងសិស្សរបស់គាត់ ស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីចាញ់ ជប៉ុន ០-៤។
ការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលជាប់ចំណាត់ថ្នាក់លេខ ១៣០ ក្នុងចំណាត់ថ្នាក់របស់ FIFA ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះគូប្រកួតរបស់ខ្លួន ដែលមានលេខរៀង ៥៩ នៅ FIFA Ranking ក្នុងលទ្ធផល ២-០។ ២គ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Marselino Ferdinan ទាំងពីរគ្រាប់ នៅនាទី៣២ និង៥៧។
ឥណ្ឌូនេស៊ី ទទួលបានជ័យជម្នះជាលើកដំបូងក្នុងការប្រកួតជម្រុះជុំទីបីនៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2026។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី មាន ៦ពិន្ទុ បានវ៉ាដាច់កំណត់ត្រារបស់ វៀតណាម ដែលមាន ៤ ពិន្ទុ ក្នុងវគ្គជម្រុះទីបី នៃព្រឹត្តិការណ៍ World Cup 2022។
ពេលនេះ ឥណ្ឌូនេស៊ី បានឡើងមកចំណាត់ថ្នាក់លេខ៣ ក្នុងពូល ដោយមាន ៦ពិន្ទុ ស្មើគ្នាជាមួយក្រុម អារ៉ាប៊ីសាអូឌីត និងចិន ខណៈ ជប៉ុន ឈរកំពូលតារាងដោយមាន ១៦ពិន្ទុ តាមពីក្រោយដោយ អូស្ត្រាលី មាន ៩ពិន្ទុ។
អ្វីដែលគេចាំមិនភ្លេចនោះ គឺក្រុមអារ៉ាប៊ីសាអូឌីត បានធ្វើរឿងដ៏អស្ចារ្យមួយ ដោយធ្លាប់យកឈ្នះ ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងលទ្ធផល ២-១ ក្នុងការប្រកួត World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតា។
គួរបញ្ជាក់ថា ការប្រកួតជម្រុះ FIFA World Cup 2026 ជុំទី៣នេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ស្ថិតនៅពូល C ជាមួយជើងខ្លាំងជប៉ុន, អារ៉ាប៊ីសាអូឌីត, បារ៉ែន, អូស្ត្រាលី និងចិន៕