ម៉ាឡេស៊ី បន្ថែមកីឡាករចូលសញ្ជាតិ ៣នាក់ ត្រៀមការប្រកួត ជម្រុះ Asian Cup 2027
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានកោះហៅកីឡាករចូលសញ្ជាតិ៣នាក់ ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ Asian Cup ឆ្នាំ 2027 ។
កីឡាករទាំង៣នាក់នោះមានដូចជា ខ្សែបម្រើ Hector Hevel លេងឲ្យក្លិប Portimonense, ខ្សែការពារឆ្វេង Gabriel Palmero និងអ្នកចាំទី Christian Abad Amat។
ទី១ ខ្សែបម្រើ Hector Hevel ដែលកើតក្នុងឆ្នាំ ១៩៩៦ មានដើមកំណើត ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី រូបគេធ្លាប់លេងនៅប្រទេសជាច្រើនដូចជា ហូឡង់, Cyprus អេស្ប៉ាញ ចិន និងប្រទេសព័រទុយហ្គាល់។ នៅព័រទុយហ្គាល់ រូបគេបានស៊ុតបញ្ចូលទីបានមួយគ្រាប់ ក្នុងការបង្ហាញខ្លួន ៦ដង ក្នុងរដូវកាលនេះ។
ទី២ ខ្សែការពារឆ្វេង Gabriel Palmero កើតក្នុងឆ្នាំ ២០០២ បានលេងចំនួន៨ ប្រកួត សម្រាប់ក្រុម Tenerife B ក្នុងលីគលំដាប់ទី៤ របស់អេស្ប៉ាញ ក្នុងរដូវកាល 2024-25 ។ រូបគេបានចាប់ផ្តើមនៅ Las Palmas academy ហើយក្រោយមកបានខ្ចីទៅក្រុមដូចជា SD Tenisca និង Segoviana ដើម្បីទទួលបានបទពិសោធន៍នៅកម្រិតយុវជន។
ទី៣ អ្នកចាំទី Christian Abad Amat កើតក្នុងឆ្នាំ ២០០៦ ដែលបច្ចុប្បន្ន កំពុងគ្រងតំណែងជើងឯក Malaysia Super League ជាមួយក្រុម Johor Darul Ta’zim ។ រូបគេត្រូវបានចាត់ទុកថា ជាតារានាពេលអនាគតសម្រាប់ទាំងក្លឹប និងប្រទេសម៉ាឡេស៊ី។ Amat ត្រូវបានបណ្តុះបណ្តាលដោយក្លិប Valencia ពីឆ្នាំ ២០១៦ មុនពេលចូលរួមជាមួយយុវជន ក្លិប Elche ក្នុងឆ្នាំ ២០២១ ហើយទីបំផុតបានផ្លាស់ប្តូរទៅកាន់ប្រទេសម៉ាឡេស៊ី។
កីឡាករទាំងបីរូបខាងលើនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ១៩ ខែមីនា។ ការមកដល់របស់ពួកគេ ត្រូវបានរំពឹងទុក ដូចដែលគ្រូបង្វឹកថ្មីលោក Peter Cklamovski បាននិយាយពីមុនក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១៣ ខែមីនាថា យ៉ាងហោចណាស់ ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងមានកីឡាករចូលសញ្ជាតិចំនួន ៣នាក់បន្ថែមទៀត មកជួយក្រុម។ ការបន្ថែមរបស់ពួកគេ នាំឱ្យក្រុមរបស់ម៉ាឡេស៊ី មានកីឡាករ៣០នាក់។
ទន្ទឹមនឹងការបន្ថែមថ្មីទាំងបីនេះ បញ្ជីឈ្មោះកីឡាករជម្រើសជាតិបច្ចុប្បន្នក៏មានកីឡាករក្នុងស្រុក ក៏ដូចជាច្រើនកីឡាករកូនកាត់ជាច្រើនរូប ដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលី ចិន អង់គ្លេស បែលហ្ស៊ិក អេស្ប៉ាញ និងហ្វាំងឡង់។ លើសពីនេះ ក្រុមនេះ ក៏មានកីឡាករចូលសញ្ជាតិ ៤នាក់ ដែលមិនមានឈាមម៉ាឡេស៊ី ដែលមានដើមកំណើតមកពីប្រេស៊ីល កូឡុំប៊ី និងហ្គាំប៊ី។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ាឡេស៊ី បច្ចុប្បន្ន កំពុងហ្វឹកហាត់នៅទីស្នាក់ការកណ្តាល Johor Darul Ta’zim ។ ពួកគេ នឹងប្រឈមមុខ នឹងប្រទេសនេប៉ាល់ នៅថ្ងៃទី ២៥ ខែមីនា ស្អែកនេះ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ក្នុងជុំចុងក្រោយនៃវគ្គជម្រុះ Asian Cup 2027៕