គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ថា សមត្ថភាព ឥណ្ឌូណេស៊ី ស័ក្តិសមនឹងលេងនៅ World Cup 2026
(បាល់ទាត់)៖ ទើបតែផ្ដួលគូប្រកួតរបស់ខ្លួន ក្នុងលទ្ធផល ៤-០ ក្នុងប្រកួតទី៥ នៃពូល C ក្នុងវគ្គជម្រុះ World Cup 2026 ជុំទី៣ ប្រចាំតំបន់អាស៊ី គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Hajime Moriyasu នៅតែជឿជាក់ថា ឥណ្ឌូណេស៊ី មានគុណភាពគ្រប់គ្រាន់ ក្នុងការចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។
លោក Hajime Moriyasu គ្រូបង្វឹកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតនៅកីឡដ្ឋាន Gelora Bung Karno កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកាថា ៖«ឥណ្ឌូនេស៊ី មានកីឡាករដែលមានគុណភាព និងសាកសមនឹងទទួលបានកៅអីមួយនៅ World Cup ។ គ្រូបង្វឹក Shin Tae-yong បំពេញការងាររបស់គាត់បានយ៉ាងល្អ ទោះបីជាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលផ្តុំក្រុមក៏ដោយ»។
មិនតែប៉ុណ្ណោះ គ្រូបង្វឹកជនជាតិជប៉ុន ក៏ជឿជាក់ដែរថា ឱកាសចូលរួមក្នុងព្រឹត្តិការណ៍ World Cup នឹងកាន់តែមានកាន់តែច្រើន ប្រសិនបើប្រទេសឥណ្ឌូនេស៊ី នៅតែបន្តប្រើប្រាស់កីឡាករចូលសញ្ជាតិ និងមានកីឡាករ ដែលមានគុណភាពកាន់តែច្រើន។
គួររំលឹកថា នៅចំពោះមុខអ្នកគាំទ្រម្ចាស់ផ្ទះ ប្រមាណ ៧៨,០០០នាក់ ក្រុមជម្រើសជាតិជប៉ុន ដែលជាក្រុមភ្ញៀវមិនបានទុកមុខឲ្យម្ចាស់ផ្ទះឡើយ ពោលគឺបានលត់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី មិនឲ្យតដៃរួចឡើយ ក្នុងលទ្ធផល ៤-០។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យជប៉ុន ឈរកំពូលតារាង ក្នុងពូល C ដោយមាន ១៣ពិន្ទុ និងបន្តកំណត់ត្រា មិនស្គាល់រសជាតិចាញ់សោះនៅ៥ប្រកួតមកនេះ។ ក្រុម៣ ដែលតាមពីក្រោយជប៉ុន មាន អារ៉ាប៊ីសាអូឌីត អូស្ត្រាលី និងចិន មាន៦ពិន្ទុដូចគ្នា។ ចាប់តាំងពីការប្រកួតជម្រុះជុំទី២មក ជប៉ុន ស៊ុតបាន ៤៣គ្រាប់ និងរបូតវិញតែ១គ្រាប់គត់ ក្នុង ១១ប្រកួត។ ប្រសិនបើពួកគេឈ្នះ២ប្រកួតទៀត ពួកគេនឹងអាចទទួលបានកៅអីទៅលេង នៅ World Cup 2026 ដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ជប៉ុន នឹងប្រកួតជាមួយចិន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ខណៈ ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ ទល់នឹង អារ៉ាប៊ីសាអូឌីត។ ជាការត្រៀមប្រកួតជាមួយជប៉ុន និងអារ៉ាប៊ីសាអូឌីត គ្រូបង្វឹក Shin Tae-yong បានកោះហៅកីឡាករចំនួន ២៨នាក់ ក្នុងនោះ ១៧នាក់ ដែលលេងនៅបរទេស រួមទាំងកីឡាករចូលសញ្ជាតិ ១៥ នាក់ផងដែរ៕