Close

ប្រទេសចិនមានគម្រោងបង្កើតជើងហោះហើរថ្មី្មមកកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍នៅខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រទេសចិនមានគម្រោងបង្កើតជើងហោះហើរថ្មី្មមកកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍នៅខេត្តសៀមរាប ប្រទេសចិនមានគម្រោងបង្កើតជើងហោះហើរថ្មី្មមកកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍នៅខេត្តសៀមរាប

សៀមរាប៖ ប្រទេសចិនមានគម្រោងបង្កើតជើងហោះហើរថ្មី ពីស៊ីអានហាពិន មកទីក្រុងភ្នំពេញដែលនឹងជួយបង្កើនការហោះហើរពីប្រទេសចិនមកកម្ពុជាបានកាន់តែច្រើន ខណៈក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៤ ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរ ចិនចំនួន ៥៩.៤៩៨នាក់។

ផែនការឡើងខាងលើនេះ ធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងពេលថ្នាក់ដឹកនាំរបស់ប្រទេសចិន-កម្ពុជា និងក្រុមមន្ត្រីនៃបណ្តាខេត្តក្រុងសម្ព័ន្ធមេត្រីភាពរបស់កម្ពុជា-ចិន បានជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យទេសចរណ៍។

នាឱកាសនោះ ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុង នៃប្រទេសចិន ចំនួន៣០ខេត្តក្រុង។ ផ្លែផ្កាដែលកើតចេញពីភាពបងប្អូនជាខេត្តក្រុងមេត្រីភាពនេះ បានរួមចំណែកជួយអភិវឌ្ឍខេត្តសៀមរាប ទទួលបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងវិនិយោគ។

លោក បន្តថាជាពិសេសសមិទ្ធផលថ្មីដ៏សំខាន់ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបម្រើវិស័យទេសចរណ៍ដ៏មានសក្តានុពល និងខឿនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។ ក្រោយវិបត្តិកូវីដ-១៩ រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវ ២.៤៩៥.៣៥៣នាក់ ក្នុងនោះទេសចរចិនមានចំនួន ៥៩.៤៩៨នាក់។

ទាក់ទិននឹងបញ្ហានេះដែរ លោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យទេសចរណ៍ជាកម្លាំងចលករជំរុញវិស័យសេដ្ឋកិច្ច ហើយប្រទេសចិន គឺបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នេះ។ ហើយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានយកការងារអភិវឌ្ឍវិស័យទេសចរណ៍នេះជាការងារចម្បង។

លោកសង្កត់ធ្ងន់ទៀតថា ក្នុងនោះស្ថានទូតចិនបានធ្វើការងារជាច្រើន ជាមួយសម្ព័ន្ធទេសចរចិន ជាមួយក្រសួងទេសចរណ៍កម្ពុជា ដោយមានការរៀបចំសន្និសីទលើកទី១ ស្តីពីយន្តការនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទេសចរកម្ពុជា-ចិន ដោយទទួលបានផលល្អ។

លោក ថ្លែងថា៖«ជាក់ស្តែងថ្ងៃនេះ ក៏មានការជួបគ្នារវាងខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ហើយក៏ឃើញថា មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចូលរួម។ ជាមួយគ្នានេះយើងក៏មានគម្រោងបង្កើតជើងហោះហើរថ្មី ពីស៊ីអានហាពិន មកទីក្រុងភ្នំពេញ ដែលការងារនេះ នឹងជួយបង្កើនការហោះហើរពីប្រទេសចិនមកកម្ពុជាបានកាន់តែច្រើន»។
លោកឯកអគ្គរដ្ឋទូតបន្តថា «យើងបានធ្វើការជំរុញកិច្ចសហប្រតិបត្តិការទេសចរនៅតាមមូលដ្ឋាន ដែលនៅក្នុងសន្និសីទខេត្តក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤នេះ ក៏ឃើញមានការចូលរួមពីសំណាក់តំណាងខេត្តក្រុងនៃប្រទេសចិនចំនួន៨ ហើយខេត្តក្រុងនៃប្រទេសកម្ពុជាចំនួន២៥ ដោយមានការពិភាក្សាគ្នា ហើយក៏មានការព្រមព្រៀងគ្នាជាច្រើនផងដែរ»។

លោក បន្ថែមទៀតថា៖« ជាមួយគ្នានេះ ខេត្តយូណានបានកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេចរណ៍ជាមួយកម្ពុជា ដោយគ្រោងរៀបចំដំណើរកម្សាន្តយូណានទៅទស្សនានៅអង្គរឱ្យទៅជាគម្រោងទេសចរដែលប្រណិត ហើយខេត្តហើណាន ក៏កំពុងសហការជាមួយកម្ពុជាផងដែរ។ ដែលយើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងជំរុញធ្វើឱ្យវិស័យទេសចរចិន-កម្ពុជា ឈានទៅមុខមួយកម្រិតទៀត»។

ក្នុងឱកាសនោះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា សន្និសីទខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងទីក្រុងមេត្រីភាព កាន់តែច្រើនបន្ថែមរវាង កម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស បន្តជំរុញកិច្ចសហការ និងសាមគ្គីភាព រវាងប្រជាជននិងប្រជាជននៃ ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ជាពិសេសខេត្តសៀមរាប ដែនដីអច្ឆរិយៈ និងជាគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលរបស់កម្ពុជា៕

អត្ថបទទាក់ទង