មិនធម្មតា! ក្រោមការដឹកនាំគ្រូបង្វឹកបណ្ដោះអាសន្ន Manchester United លត់ Leicester ៥-២ នៅ League Cup
ក្លិបបិសាចក្រហម Manchester United ក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្ន លោក Ruud van Nistelrooy បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយហើយ ក្នុងពានរង្វាន់ League Cup បន្ទាប់ពីទទួលជ័យជម្នះ យ៉ាងធំធេង ៥ ទល់នឹង ២ លើក្រុមកញ្រ្ជោងខៀវ Leicester City។
កាលពីយប់មិញនេះ អ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហម លោក Ruud van Nistelrooy ដែលទទួលបន្ទុកដឹកនាំក្រុម បន្ទាប់ពីការចាកចេញលោក Erik Ten Hag ពិតជាធ្វើបានល្អមែនទែន ដែលអាចរកគ្រាប់បាល់លើគូរប្រកួតរហូតដល់ ៥គ្រាប់។ ការរកគ្រាប់បាល់បានច្រើនបែបនេះ គេកម្រឃើញណាស់ ក្នុងជំនាន់ដែលលោក Ten Hag ដឹកនាំ។
គ្រាប់បាល់ទាំង៥គ្រាប់របស់ Man United រកបានដោយកីឡាករ Casemiro និង Bruno Fernandes ម្នាក់ពីរគ្រាប់ និង Alejandro Garnacho មួយគ្រាប់ ខណៈ២គ្រាប់របស់ Leicester City រកបានដោយកីឡាករ Bilal Khannouss និង Coady ។
បន្ទាប់ពីរកគ្រាប់បាល់បានយ៉ាងច្រើន ក្នុងការប្រកួតដំបូងរបស់គាត់ដែលទទួលបន្ទុក Ruud van Nistelrooy បាននិយាយទៅកាន់អ្នកគាំទ្រថា៖«ទោះបីជាការដឹកនាំបណ្តោះអាសន្នក៏ដោយ តែវាជាកិត្តិយសណាស់ ក្នុងការគ្រប់គ្រងក្លឹបដែលខ្ញុំស្រឡាញ់អស់រយៈពេលជាយូរមកហើយ ខ្ញុំត្រូវបានស្នើសុំឱ្យធ្វើដូច្នេះ។ ខ្ញុំអាចសន្យាថា ខ្ញុំនឹងដាក់ចិត្តដាក់កាយធ្វើការងារនេះ បន្តផ្តល់លទ្ធផលល្អជូនអ្នកទាំងអស់គ្នា។ ខ្ញុំស្រលាញ់ការត្រលប់មក Old Trafford ហើយធ្វើការជាមួយក្រុម និងបុគ្គលិកជារៀងរាល់ថ្ងៃ។ ឥឡូវនេះគឺជាពេលវេលាសម្រាប់អ្នករាល់គ្នានៅក្នុងក្លឹប ដើម្បីធ្វើការជាមួយគ្នា ផ្តល់អ្វីៗគ្រប់យ៉ាង និងស្ដាស្ថានការអាក្រក់នេះឡើងវិញ »។
គួរបញ្ជាក់ថា លោក Ten Hag ត្រូវបានក្លិបបណ្ដេញចេញពីតំណែងកាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីលទ្ធផលមិនល្អមួយរយៈពេលចុងក្រោយនេះ ។ ទោះបីជាយ៉ាងណា លោក ក៏ធ្លាប់ជួយ United លើកពាន League Cup ផងដែរ ក្នុងរដូវកាល 2022-23។