យល់ដឹងពីសុខភាព ! ការងូតទឹកភ្លាមៗក្រោយទទួលទានអាហារអាចមានបញ្ហាដល់សុខភាព
ការងូតទឹក គឺជាសកម្មភាពចាំបាច់មួយដែលមនុស្សទូទៅគប្បីអនុវត្តប្រចាំថ្ងៃដើម្បីលាងជម្រះកាយ និងផ្តល់សំណើមដល់ស្បែក ប៉ុន្តែបើសិនងូតទឹកមិនត្រូវតាមពេលវេលានោះទេ វាអាចនាំឱ្យមានបញ្ហាដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Swathi Reddy មកពីមន្ទីរពេទ្យ Motherhood Hospitals ក្នុងទីក្រុង Bengaluru ប្រទេសឥណ្ឌាកាលពីពេលកន្លងទៅបានឱ្យដឹងថា ការងូតទឹកភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច អាចបង្កគ្រោះថ្នាក់ដល់ដំណើរការរំលាយអាហារ។ កំហុសឆ្គងនេះអាចធ្វើឱ្យមានអាការពិបាកទ្រាំក្នុងខ្លួន និងចលនារបស់ក្រពះមានបញ្ហាកន្ត្រាក់។
បន្ទាប់ពីទទួលទានអាហារ ប្រព័ន្ធរំលាយអាហារ (មានក្រពះ ពោះវៀនជាដើម) ចាប់ផ្ដើមធ្វើការធ្ងន់។ បើសិនយើងទៅងូតទឹកនៅពេលនេះ សរសៃឈាមទាំងឡាយនៅក្រោមស្បែកនឹងត្រូវបានធ្វើឱ្យឡើងកម្ដៅ និងរីកធំ នាំឱ្យចរន្តឈាមរត់ឡើងស្រទាប់លើរបស់ស្បែកច្រើនជាងមុន និងអាចប៉ះពាល់ដល់ដំណើរការរំលាយអាហារ បង្កឱ្យមានអាការឆ្អល់ពោះ និងពិបាករំលាយអាហារ។
ដូច្នេះ គួរតែងូតទឹកក្រោយពីទទួលទានអាហាររួចប្រហែលពី ១ ទៅ ២ ម៉ោង ព្រោះថាពេលនេះ អាហារក្នុងក្រពះត្រូវបានចាត់ចែងរួចរាល់ រាងកាយបានស្រូបយកជីវជាតិ និងថាមពលពីអាហារបានគ្រប់គ្រាន់ ដែលជួយកាត់បន្ថយសម្ពាធ ឬទម្ងន់ការងាររបស់ប្រព័ន្ធរំលាយអាហារ ចរន្តឈាម និងប្រព័ន្ធសរសៃឈាម។
ក្រៅពីការដែលមិនគួរ «ងូតទឹកភ្លាមបន្ទាប់ពីទទួលទានអាហាររួច» យើងក៏គួរតែចៀសវាងការងូតទឹកនៅក្នុងពេលវេលាមួយចំនួនទៀត រួមមានដូចជា «មិនគួរងូតទឹកពេលកំពុងឃ្លាន», «មិនគួរងូតទឹកបន្ទាប់ពីផឹកស្រា», «មិនគួរងូតទឹកបន្ទាប់ពីហាត់ប្រាណ» និង «មិនគួរងូតទឹកបន្ទាប់ពីការគក់ច្របាច់ (ម៉ាស្សា) ឬកោសខ្យល់ជាដើម៕