សោកស្ដាយផង! ក្រុមគោព្រៃកម្ពុជា ចាញ់ ហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ
ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Kyotoku បានប្រកួតចាញ់ក្រុមហុងកុង ដោយលទ្ធផល ៣-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីយប់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅកីឡដ្ឋាន Hong Kong Stadium ។
ក្នុងការប្រកួតយប់មិញនេះ ក្រុមភ្ញៀវកម្ពុជា មានឱកាសជាច្រើនលើកច្រើនសារ ប៉ុន្តែមិនមានសំណាងក្នុងការបំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះ ហុងកុង ឡេីយ ស្របពេលដែល ហុងកុង រកបានគ្រាប់បាល់រហូតដល់៣គ្រាប់ ។ គ្រាប់បាល់ទាំង ៣គ្រាប់របស់ហុងកុង រកបាននៅតង់ទី១ ចំនួន ២គ្រាប់ និងតង់ទី២ ចំនួន ១គ្រាប់ ។
សរុបមក តាមរយ:ការជួបគ្នា ៩លើកចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះហុងកុងបាន ពោលគឺ កម្ពុជា ចាញ់ ៧លើក និងស្មើ ២លើក ខណៈការជួបគ្នានោះ កម្ពុជា ស៊ុតចូល ៧គ្រាប់ និងរបូតគ្រាប់បាល់វិញចំនួន ២៤គ្រាប់។
មុនធ្វើដំណើរទៅហុងកុង កាលពីល្ងាចថ្ងៃទី១៣ តុលា ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមឆៃនីសតៃប៉ិ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដោយលទ្ធផល ៣-២ ក្រោមក្រសែក្នែកអ្នកគាំទ្រជាង១ម៉ីននាក់ ក្នុងពហុកីឡដ្ឋានជាតិ។
មែនទែនទៅ ការប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA day នេះ គឺជាត្រៀមខ្លួនសម្រាប់ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ប្រ៊ុយណេ/ទីម័រខាងកើត៕