ចង់បានដំណេីរកម្សាន្តបែបធម្មជាតិ និងធ្វេីសកម្មភាពសប្បុរសធម៌ សូមកុំភ្លេចសហគមន៍អេកូទេសចរណ៍កោះផ្ដៅ
ក្រចេះ៖ សហគមន៍អេកូទេសចរណ៍កោះផ្តៅ មានចម្ងាយ ៤៥គ.ម ពីខេត្តក្រចេះ កោះផ្តៅ និងសំភិន គឺជាភូមិពីរក្នុងចំណោមភូមិដទៃទៀតដែលស្ថិតនៅលើកោះរងាវ។ កោះរងាវ ជាកោះមួយដែលវែងជាងគេបំផុតក្នុងចំណោមកោះដទៃទៀត មានប្រវែង ៤៥គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ភូមិទាំងពីរនេះស្ថិតនៅក្នុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្តោយដងទន្លេមេគង្គភាគខាងជើងទីរួមខេត្ត។ ដើម្បីទៅដល់ភូមិនេះ អ្នកត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៨គ.ម ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ ៦គីឡូម៉ែតទៀត។
សក្តានុពលទេសចរណ៍៖ នៅក្នុងតំបន់នេះសំបូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ និងអាពាហ៍ពិពាហ៍ជាដើម។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ជាមួយភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។
សេវាកម្មទេសចរណ៍៖ ផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជៈ មគ្គុទ្ទេសក៍ ក្រុមរបាំប្រពៃណី កង់ គោយន្ត និងទូក។
សកម្មភាពទេសចរ៖ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វស្លាបជាច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ ជិះកង់ទស្សនាសហគមន៍ សម្រាកនិងពិសារអាហារបែបខ្មែរជាមួយបងប្អូនសហគមន៍ ចូលរួមសកម្មភាពសប្បុរសធម៌ដូចជា សម្ភារៈសិក្សា ជីកស្រះត្រី ស្រះកង្កែប ធ្វើទ្រុងមាន់ ទា បន្ទប់អនាម័យ និងសកម្មភាពដាំដុះផ្សេងៗ ក៏ដូចជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដល់ក្មេងៗ ឬប្រជាជនតំបន់នោះ៕