លោក Elon Musk លុបការបង្ហោះសារដែលចោទសួរអំពីការប៉ុនប៉ងធ្វើឃាត លោក Trump
អាមេរិក៖ លោក Elon Musk មហាសេដ្ឋីពិភពលោករបស់សហរដ្ឋអាមេរិកបានលុបចោលការបង្ហោះសារនៅព្រឹកថ្ងៃចន្ទ ដែលចោទជាសំណួរថាហេតុអ្វីបានជាអតីតប្រធានាធិបតី លោក Donald Trump ប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតចំនួនពីរក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលប្រធានាធិបតី លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris មិនបានរងគ្រោះឧបទ្ទវហេតុដូចលោក Trump ។
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីម្សិលមិញនេះ ឱ្យដឹងថា លោក Musk បានអះអាងថា ការបង្ហោះសារនោះ គឺជារឿងលេងសើចប៉ុណ្ណោះ ។
លោក Musk បានសរសេរនៅលើបណ្តាញសង្គម X ហើយ ត្រូវបានលុបចេញវិញថា «គ្មាននរណាម្នាក់កំពុងព្យាយាមធ្វើឃាត លោក Biden និងលោកស្រី Kamala សោះអ៊ីចឹង » ។
ដំបូងឡើយ លោក Musk បានបដិសេធចំពោះការលុបចោលចំពោះការបង្ហោះសារនោះ ។ ក្នុងការបង្ហោះសារមួយឆ្លើយតបនឹងការទាមទារឱ្យដកការលើកឡើងរបស់លោក Musk ចេញពីបណ្តាញសង្គម ថា «គ្មាននរណាម្នាក់ធ្វើដូច្នេះគឺជាចំណុចដែលខ្ញុំកំពុងធ្វើ ហើយក៏គ្មានអ្នកណាចង់ដែរ»។
ប៉ុន្តែទីបំផុត លោក Musk ត្រូវបានក្រុមការងារបណ្តាញសង្គម X បានលើកឡើងថា ជា «ចេតនាជាក់ស្តែង» របស់ លោក Musk អាចត្រូវបានបកស្រាយខុស។
សេតវិមានបានហៅការអត្ថាធិប្បាយរបស់លោក Musk ថា “គ្មានការទទួលខុសត្រូវ”។ ដូចដែលប្រធានាធិបតី លោក Biden និងអនុប្រធានាធិបតី លោកស្រី Harris បាននិយាយបន្ទាប់ពីព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ ថា «មិនមានកន្លែងសម្រាប់អំពើហិង្សាផ្នែកនយោបាយ ឬសម្រាប់អំពើហិង្សាណាមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសរបស់យើងទេ’ ហើយ ‘យើងទាំងអស់គ្នាត្រូវតែធ្វើផ្នែករបស់យើងដើម្បីធានាថាឧប្បត្តិហេតុនេះមិននាំឱ្យកើតមានច្រើនទៀត»។
ជាមួយគ្នានោះដែរ លោក Andrew Bates អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អំពើហិង្សាគួរតែត្រូវបានថ្កោលទោស មិនត្រូវលើកទឹកចិត្ត ឬនិយាយលេងសើចឡើយ»។
ក្រុមមន្ត្រីភ្នាក់ងារសេវាសម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានឃើញការបង្ហោះសាររបស់ លោក Musk ដែលត្រូវបានលុបចេញវិញដែរ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយ ៕