Close

ករណីលួចធ្វើឃាតលោក Trump លើកទី ២ ជនសង្ស័យត្រូវបានចោទប្រកាន់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ករណីលួចធ្វើឃាតលោក Trump លើកទី ២ ជនសង្ស័យត្រូវបានចោទប្រកាន់ ករណីលួចធ្វើឃាតលោក Trump លើកទី ២ ជនសង្ស័យត្រូវបានចោទប្រកាន់

បរទេស៖ ជនសង្ស័យ លោក Ryan Wesley Routh ដែលប៉ុនប៉ងធ្វើឃាត់ លោក Donald Trump អតីតប្រធានាធិបតី និងបេក្ខភាពប្រធានាធិបតីបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២៤ កាលពីអាទិត្យនៅទីលានវៃកូនហ្គោលមួយកន្លែងនៅរដ្ឋផ្លរីដា ត្រូវបាន រងការចោទប្រកាន់ពីបទឧក្រិដ្ឋទាក់ទងនឹងការប្រើប្រាស់កាំភ្លើងនៅថ្ងៃចន្ទ ម្សិលមិញនេះ ។

ការប៉ុនប៉ងធ្វើឃាតជាលើកទី ២ លើ អតីតប្រធានាធិបតីរូបនេះ បានកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់មានករណីលួចធ្វើឃាត កាលពីលើកទី១ នៅថ្ងៃទី ១៤ ខែកក្កដា បណ្តាលឱ្យ Donald Trump រងរបួសស្រាលត្រូវត្រង់ត្រចៀក ខណៈ រូបលោកកំពុងថ្លែងសុន្ទរកថា នៅលើឆាកនៅឯការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania។

ករណីលួចធ្វើឃាតលោក Trumpលើទី ២ ជនសង្ស័យត្រូវបានចោទប្រកាន់

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបន្តប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការប៉ុនប៉ងផ្តាច់ជីវិតរបស់លោក Trump ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។

រណីនេះ បានធ្វើឱ្យមានភាពតានតឹងបន្ថែមនៅក្នុងបរិយាកាសជុំវិញយុទ្ធនាការឃោសនាបោះឆ្នោតរបស់សហរដ្ឋអាមេរិកជាមួយនឹងការស្តីបន្ទោសយ៉ាងខ្លាំងក្លាទៅលើ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកស្រី Kamala Harris អនុប្រធាន និងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការញុះញង់ឱ្យមានការបាញ់ប្រហារនេះ ដែលគេហៅថា «សត្រូវកើតចេញពីខាងក្នុង» ។

ជនសង្ស័យប្រដាប់អាវុធ លោក Ryan Wesley Routh ពាក់អាវគុកពណ៌ខៀវងងឹតចូលទៅ ក្នុងតុលាការ ជាមួយនឹង ខ្សែច្រវ៉ាក់ដៃ និងជើង។ លោកអង្គុយយ៉ាងស្ងៀមស្ងាត់អស់រយៈពេលប្រហែលប្រាំនាទី ដោយមិនមានឃើញសញ្ញាណ ណាមួយកើតឡើងឡើយ មុនពេលគេនាំរូបលោកត្រឡប់មកវិញដើម្បីរង់ចាំការស្តាប់សវនាការ ។

ករណីលួចធ្វើឃាតលោក Trumpលើទី ២ ជនសង្ស័យត្រូវបានចោទប្រកាន់

លោក Ryan Wesley Routh ត្រូវបានតុលាការចោទប្រកាន់បឋមពីបទកាន់កាប់អាវុធ និងពីបទប្រើប្រាស់កាំភ្លើង ដើម្បីអនុញ្ញាតឱ្យសមត្ថកិច្ចយកទៅឃុំឃាំង ខណៈនៅពេលខាងមុខនឹងអាចមានការចោទប្រកាន់បន្ថែម។
លោក Routh ត្រូវបានគេដឹងថា បានបោះជំរំនៅជិតទីលានវាយកូនហ្គោលប្រហែល ១២ ម៉ោងជាមួយនឹងអាហាររដែលបានត្រៀមទុក មុនពេលត្រូវបានឃាត់ខ្លួនដោយក្រុមទីភ្នាក់ងារស៊ើបការសម្ងាត់។

សារព័ត៌មាន Associated Press បានរាយការណ៍ថា នៅក្នុងឯកសារតុលាការដែលបានបង្ហាញកាលពីថ្ងៃចន្ទ ក្រុមមន្ត្រីបាននិយាយថា ទូរស័ព្ទរបស់ លោក Routh ត្រូវបានបង្ហាញនៅជិតខ្សែបន្ទាត់ដើមឈើនៅឯទីលានវាយកូនហ្គោលរបស់លោក Trump ចាប់ពីម៉ោង ១.៥៩ ព្រឹករហូតដល់ម៉ោង ១.៣១ រសៀលថ្ងៃអាទិត្យ ។

នៅជុំវិញនោះ ភ្នាក់ងារសេវាសម្ងាត់របស់សហរដ្ឋអាមេរិក បានបាញ់មកលើរូបលោក បន្ទាប់ពីបានឃើញកាំភ្លើង៕