Close

៧ខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
៧ខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន ៧ខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន

កម្ពុជាឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី ក្នុងគោលដៅក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ខណៈក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ។

តេឡេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១២ ខែកញ្ញា នេះ បានឱ្យដឹងថា «ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា»

ប្រភពដដែលបន្តថា៖«នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក»។

៧ខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន

បើតាមប្រភពដដែល ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ ។

បន្ថែមពីលើគោលនយោបាយជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ ។

ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង ។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏នឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់ ៕

៧ខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន