កម្ពុជាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ»
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បាន អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីសម្ពោធនេះ គឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយលើកទី១ គឺពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ គឺពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ពិធីដែលកំពុងប្រារព្ធឡើង នាថ្ងៃនេះ ក៏ជាសក្ខីភាពបង្ហាញឱ្យឃើញ នូវសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្ន ដែលបានគាំទ្រ និងចង្អុលបង្ហាញជាទិសដៅយុទ្ធសាស្ត្រនៅក្នុងការអនុវត្តឱ្យសម្រេចចេញជាផ្លែផ្កានៃសមិទ្ធផលជាតិ។
នាឱកាសនោះ លោក អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការរបស់ជប៉ុន ជាមួយកំពង់ផែក្រុងព្រះសីហនុ មិនមែនពាក់ព័ន្ធត្រឹមតែ រដ្ឋាភិបាលប៉ុណ្ណោះទេ។ រដ្ឋាភិបាលជប៉ុន និងកម្ពុជា បាននិងកំពុងបន្តពិភាក្សាគ្នាអំពីគំនិតនៃការធ្វើឲ្យកំពង់ផែព្រះសីហនុ ក្លាយជាកំពង់ផែសេរី ហើយជាគម្រោងសាកល្បង ដើម្បីសម្រេចបាននូវគំនិតនេះ ក្រុមហ៊ុនជប៉ុន AEON Mall Logi-Plus បានសាងសង់ឃ្លាំងភស្តុភារកម្មថ្មីមួយ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសកំពង់ផែព្រះសីហនុ ដែលមានទីតាំងជាប់នឹងកំពង់ផែនេះ និងបានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំមុន។
លោក ថ្លែងថា៖« ដូច្នេះហើយ ប្រទេសជប៉ុន តាមរយៈវិស័យសាធារណៈ និងឯកជន បាននិងកំពុងគាំទ្រដល់ កំពង់ផែព្រះសីហនុ ដើម្បីអាចមានមុខងារ មិនត្រឹមតែជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលភស្តុភារកម្ម សម្រាប់តំបន់ទាំងមូលផងដែរ»។
បើតាម លោកឯកអគ្គរាជទូត ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រលើកនេះ ការចេញចូលទំនិញកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ នឹងមានភាពរលូនជាងមុន ហើយអាចទទួល យកនូវទំនិញកុងតឺន័រកាន់តែច្រើនមុន។
លោកបង្ហាញនូវទំនុកចិត្តថា ការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយ នៃដំណើរការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុង តំបន់។ ហើយក៏ជឿជាក់ថា ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ប្រាកដជា អាចទាក់ទាញការ វិនិយោគថ្មីពីប្រទេសជប៉ុន និងប្រទេសដទៃទៀត ហើយនាំទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕