កូរ៉េខាងត្បូងឈ្នះឥណ្ឌាលើកុងត្រាលក់យន្តហោះចម្បាំងជិត១ពាន់លានដុល្លារឲ្យម៉ាឡេស៊ី
បរទេស ៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Korea Aerospae Industries បានយកឈ្នះនូវការដេញថ្លៃគ្នាដើម្បីអាចផ្គត់ផ្គង់យន្តហោះចម្បាំងក្នុងស្រុកជាច្រើនគ្រឿងទៅឲ្យប្រទេសម៉ាឡេស៊ី និងមានតម្លៃរាប់រយលានដុល្លារ។
ក្រុមហ៊ុនដដែលនេះបានបញ្ជាក់ដែរថាកុងត្រាដែលមានតម្លៃសរុបប្រមានជា៩២០លានដុល្លារនឹងអាចអនុញ្ញាតឲ្យកូរ៉េខាងត្បូងក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងផលិតក្នុងស្រុក FA-50 ប្រមាណជា១៨គ្រឿងទៅអតិថិជនរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់អាស៊ានមួយនេះ ហើយតាមផែនការយន្តហោះដំបូងនឹងត្រូវដឹកជញ្ជូនទៅដល់ទីក្រុងកូឡាឡាំពួនៅក្នុងឆ្នាំ២០២៦ខាងមុខនេះហើយ។
FA-50 គឺជាយន្តហោះចម្បាំងធុនស្រាលផលិតនៅកូរ៉េខាងត្បូងបានយកឈ្នះយន្តហោះចម្បាំងឥណ្ឌាប្រភេទ Tejas ក្នុងការដេញថ្លៃចុងក្រោយសម្រាប់កងកម្លាំងទ័ពអាកាសម៉ាឡេស៊ី។
គួរឲ្យដឹងដែរថា កន្លងមកម៉ាឡេស៊ីក៏ធ្លាប់ធ្វើការពិចារណាទិញយកយន្តហោះចម្បាំងរបស់ប៉ាគីស្ថាន JF-17 ដែលផលិតដោយក្រុមហ៊ុន Pakistan Aeronautical Complex និងយន្តហោះចម្បាំង MiG-35របស់រុស្ស៊ីផងដែរ៕