តោះ!មកដឹងលំអិតពីលទ្ធផលចាប់ឆ្នោត UEFA Champions League ក្នុងទម្រង់ថ្មី
(បាល់ទាត់)៖ កាលពីយប់ថ្ងៃ ព្រហស្បត៍ ទី២៩ ខែសីហា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA បានចាប់ឆ្នោតចែកពូលរួចរាល់ហើយ ក្នុងពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions League (UCL) រដូវកាល ២០២៤/២០២៥។
ការចាប់ឆ្នោតឆ្នាំថ្មីនេះ គឺធ្វើឡើងខុសសព្វដង ពោលគឺគេមិនបានបែងចែកជា ៨ពូល ដែលមានដូចជា Group A , B, C, D, E, F, G និង Group H ដូចលើមុននោះទេ។ ក្នុងទម្រង់ថ្មីរបស់ 𝗨𝗖𝗟 សម្រាប់រដូវកាលនេះគឺ មិនមានការប្រកួតជម្រុះតាមពូល ដើម្បីយក ២ក្រុមទៀតឡើយ ពោលគឺត្រូវប្រកួតសន្សំពិន្ទុគ្រប់ក្រុម ហើយឆ្នាំនេះ មានរហូតដល់ទៅ ៣៦ក្រុមចូលរួម។
យ៉ាងណា ក្រុមនីមួយៗប្រកួតតែ ៨ប្រកួតប៉ុណ្ណោះ ដោយត្រូវលេង ៤ប្រកួតក្នុងដី និង ៤ប្រកួតក្រៅដី ហើយពិន្ទុ គ្រាប់បាល់ គ្រាប់ចំណេញ គ្រាប់ទាត់គេ គ្រាប់គេទាត់ចូល គឺបូករួមគ្នាទាំងអស់ដូចការប្រកួតលីគ បើទោះបីជាមានប៉ះក្រុមផ្សេងៗគ្នា ឬក្រុមដូចគ្នាក៏ដោយ។
បន្ទាប់ពីការប្រកួត ៨លើក ក្រុមមានពិន្ទុច្រើន ចាប់ពីលេខ១ ដល់លេខ៨ គឺត្រូវឡើងទៅវគ្គ ១៦ក្រុមបន្តស្វ័យប្រវត្តិ ចំណែកពីក្រុមលេខ ៩ដល់ ២៤ ត្រូវប្រកួត 𝗣𝗹𝗮𝘆 𝗼𝗳𝗳 ដើម្បីរក ៨ក្រុមទៀតឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ។
ម្ស៉ាងវិញទៀត ក្នុងវគ្គ 𝗣𝗹𝗮𝘆 𝗼𝗳𝗳 គឺតម្រូវលេងចាប់ពីក្រុមលេខ៩ដល់១៦ ត្រូវប្រកួតទល់នឹងក្រុមលេខ ១៧ ដល់២៤ ចំនួន២ជើង (ក្នុងដី និងក្រៅដី) ដោយឡែកក្រុមលេខ ២៥ ដល់៣៦ គឺត្រូវជ្រុះចេញពីពានរង្វាន់ដោយស្វ័យប្រវត្តិ។
ដើម្បីឲ្យងាយយល់ បងប្អូនអ្នកស្នេហាវិស័យកីឡាទាំងអស់ អាចមើលក្រុមដែលបងប្អូនស្រលាញ់។ ឧទាហរណ៍ជាក់ស្ដែង Real Madrid ត្រូវប៉ះក្រុម Dortmund, Liverpool, AC Milan, Atalanta, Salzburg, Lille, Stuttgart និង Brest ។
ខាងក្រោមនេះ ជាលទ្ធផលនៃការចាប់ឆ្នោតកាលពីយប់មិញ៖
គួរបញ្ជាក់ថា អតីតកីឡាករក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ក៏មានវត្តមាននៅក្នុងពិធីចាប់ឆ្នោតនោះដែរ និងទទួលបានពានរង្វាន់ពិសេសជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប UEFA Champions League All-Time Top Scorer ពីប្រធាន UEFA លោក Aleksander Čeferin ដោយស៊ុតបាន ១៤០ គ្រាប់៕