ខេត្តកំពតបាននឹងកំពុងសាងសង់នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ និងគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនៅក្នុងក្រុងកំពត

កំពត៖ ជាគោលដៅទេសចរណ៍ដ៏មួយក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា រដ្ឋបាលខេត្តកំពត បាននឹងកំពុងសាងសង់នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ដែលគ្រោង នឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ នេះ និងគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនៅក្នុងក្រុងកំពត។
ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងពីគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនដោយសារតែ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពត កាន់តែច្រើនធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពត ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោម មិនអនុញ្ញាតឱ្យរថយន្ត ឆ្លងកាត់ បាន ពោលគឺឆ្លងកាត់បានត្រឹមតែអ្នកថ្មើរជើង និងម៉ូតូ ដែលធ្វើឱ្យស្ពាន ថ្មី មានការកកស្ទះជាប្រចាំជាពិសេស នៅរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។
ឯកឧត្តម អភិបាលបានបញ្ជាក់ថា ៖« ដើម្បីកាត់បន្ថយការ កកស្ទះ នៅ លើ ស្ពាន ថ្មី និងក្រុ ងកំពត រដ្ឋបាល ខេត្ត កំពត សម្រេច ថា នឹង សាងសង់ ស្ពានមួយ ខ្សែទៀត ឆ្លងកាត់ព្រែក កំពត ឬព្រែក កំពង់បាយ នៅ ពេ ល ឆា ប់ៗនេះ»។
ឯកឧត្តមបន្តថា« ម្យ៉ាង វិញទៀត ស្ពាន ដែល គ្រោងនឹង សាងសង់ ថ្មីនេះ មិនត្រឹមតែសម្រាប់ឆ្លងកាត់ធម្មតា ប៉ុណ្ណោះទេ ប៉ុន្តែ នឹង សាងសង់ ឡើង តាមរចនា បថពិសេស ដែលមានសោភ័ណភាព និងអាច ទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិផងដែរ» ។
ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងកំពត ក៏ដូចជាខេត្តទាំងមូលកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពតបានបើកការដ្ឋានសាងសង់នាឡិកាយក្ស កម្ពស់ ៣៥ម៉ែត្រ ដែលគ្រោង នឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ នេះ ពោល គឺនឹង បញ្ចប់នៅមុនឆ្លងចូល ឆ្នាំ សកលដើម្បីទាក់ទាញទេសចរមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ។
ជាមួយគ្នានោះដែរ ជើងទ្រនាឡិកាធំ និងខ្ពស់ជាងគេនៅខេត្តកំពត សាងសង់រួចបាន ៨០%ហើយ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមវិស្វករនឹងលើកនាឡិការដាក់លើជើងទ្រហើយ។
ក្រោយសាងសង់រួច នាឡិការដ៏ធំនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ទាក់ទាញអ្នកទេសចរកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា នាឡិកាធំនេះ មានកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតជិត ១០ម៉ែត្រ ដែលដាក់លម្អក្រុង និងព្រែកកំពតមួយនេះ ធ្វើឡើងស្របពេលដែលក្នុងឆ្នាំ២០២៤ នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ គឺពិធីបុណ្យអុំទូក បុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល។
លោក សយ ស៊ីណុល បានរំពឹងទុកថា ក្នុងព្រឹត្តិការណ៍ធំៗទាំងនោះ ខេត្តកំពតនឹងទទួលបានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើនទ្វេដង ព្រោះសមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើនបានលេចចេញជារូបរាង ហើយប្រជាពលរដ្ឋក៏នឹងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើន ដែលជាកត្តាធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើឡើងថែមទៀត៕