នេប៉ាល់ស្វែងយល់ពីយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ បានទទួលគណៈប្រតិភូរដ្ឋាភិបាលនេប៉ាល់ ដែលមានបំណងស្វែងយល់ពីបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
នាឱកាសនោះ គណៈប្រតិភូបានលើកឡើងថា ប្រទេសនេប៉ាល់កំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានឹងកម្ពុជា និងចង់ស្វែងយល់ពីយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យអាចឈានចូលក្នុងសេដ្ឋកិច្ចផ្លូវការ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងផ្តល់ជាបច្ច័យដ៏ធំធេងក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូនេប៉ាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គភាពសេដ្ឋកិច្ចទាំងនេះអាចឈានចូលក្នុងប្រព័ន្ធ។ អង្គភាពសេដ្ឋកិច្ចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនច្រើនលើសលុបនៅក្នុងប្រទេសទាំងពីរ។
គណៈប្រតិភូនេប៉ាល់បានសម្តែងចំណាប់អារម្មណ៍ពិសេសចំពោះវិធីសាស្រ្តរបស់កម្ពុជា ក្នុងការសម្របសម្រួលផ្ទៃក្នុងរដ្ឋាភិបាល និងការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី ក៏បានជម្រាបជូនគណៈប្រតិភូអំពីសារៈសំខាន់នៃទិន្នន័យអត្តសញ្ញាណ ព្រមទាំងការទំនាក់ទំនង និងការផ្តល់ព័តមានច្បាស់លាស់ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយជោគជ័យ៕