Close

កម្លាំងនគរបាលរាជធានីភ្នំពេញប្តេជ្ញាធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្លាំងនគរបាលរាជធានីភ្នំពេញប្តេជ្ញាធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងនគរបាលរាជធានីភ្នំពេញប្តេជ្ញាធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភរឿងក្រុមជ្រុលនិយមដែលប៉ុនប៉ង់ប្រមូលផ្ដុំគ្នាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ហើយដើម្បីបង្ក្រាបរាល់អំពើល្មើសច្បាប់ទាំងឡាយ។

សារអំពាវនាវដល់ពលរដ្ឋរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញដោយផ្ទាល់ ដែលត្រៀមដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមជ្រុលនិយមទាំងឡាយ ដែលប៉ុនប៉ងធ្វើបាតុកម្មដោយខុសច្បាប់។

កម្លាំងនគរបាលរាជធានីភ្នំពេញប្តេជ្ញាធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ថ្ងៃនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញកម្លាំងជាង១,០០០នាក់ ស្មើប្រមាណ៥០ភាគរយនៃកម្លាំងសរុប ដើម្បីត្រៀមអន្ដរាគមន៍ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំមានការព្រួយបារម្ភ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលមានកាតព្វកិច្ចធានាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ហើយគោលជំហររបស់កម្លាំងនគរបាលជាតិ គឺគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។បន្ដទៀតថាគោលបំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។

កម្លាំងក៏ត្រៀមរួចរាល់ដើម្បីបង្ក្រាបក្រុមជ្រុលនិយម ដែលប៉ងប្រមូលផ្ដុំដោយខុសច្បាប់នៅថ្ងៃទី១៨ ខែសីហា ឬថ្ងៃបន្ដបន្ទាប់ទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ ឬចេញចូលរាជធានីភ្នំពេញ គឺអាចធ្វើដំណើរតាមដូចធម្មតា ពោលមិនមានការបិទផ្លូវចេញចូលនោះឡើយ ដូច្នេះសូមកុំមានការយល់ច្រឡំ៕

កម្លាំងនគរបាលរាជធានីភ្នំពេញប្តេជ្ញាធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

អត្ថបទទាក់ទង