ផ្លែដូងកម្ពុជា នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ : នៅក្នុងចំណោមកសិផលស្រស់របស់កម្ពុជា ដែលក្នុងនោះក៏មានផ្លែដូងផងនោះ នឹងត្រូវជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់ខេត្តហាយណានដែលជាទីផ្សារគោលដៅក្រោយកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីថ្មីក្រសួងកសិកម្ម និងអភិបាលរងខេត្តហាយណាន។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម SHEN Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញកសិផល ដូចជា ៖ ផ្លែដូង ផ្លែចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសខេត្តហាយណាន។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជានាពេលកន្លងមក។ តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន នៅក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញដល់គណៈប្រតិភូនៃខេត្តហាយណាន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជា និងរូបឯកឧត្តមផ្ទាល់ នឹងជួយសហការធ្វើយ៉ាងណាជំរុញនិងជ្រោមជ្រែងការផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដារកំណត់ សម្រាប់បម្រើដល់ការនាំចេញ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ផែនការជំនួញ (Business Plan) ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជានិងចិន។
ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំណេញសម្រាប់គ្រប់ភាគីទាំងអស់៕