១ សប្តាហ៍កម្ពុជា មានភ្ញៀវទេសចរជាង ៣០ ម៉ឺននាក់
ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៧៤ ៦៧៥ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៦ ៤២៣ នាក់។ នេះ បើតាមក្រសួងទេសចរណ៍ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤។
ប្រភពដដែលបន្តថា៖«ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៥ ៤២២បណ្ណ កើនឡើង ០,៧% និងទទួលបានចំណូលសរុប ៧០៤ ៧១៤$ កើនឡើង ២៣,៩%»។
គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៦៦ ជើងហោះហើរក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤៥ ជើងហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៩ ជើងហោះហើរផងដែរ៕