អេស្ប៉ាញ ក្លាយជាក្រុមឈ្នះជើងឯក Euro ច្រើនជាងគេ
ក្រុមគោជល់អេស្ប៉ាញ បានក្លាយជាក្រុមជម្រើសជាតិតែមួយគត់ដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro ច្រើនជាងគេបំផុត បន្ទាប់ពីបានយកឈ្នះ ក្រុមតោកំណាចអង់គ្លេស ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់មិញ។
ការប្រកួតយប់មិញនេះ អេស្ប៉ាញ បានដាក់សម្ពាធយ៉ាងខ្លាំង លើអង់គ្លេស ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេនៅតង់ទី១ ដោយសារអង់គ្លេសព្យាយាមការពារយ៉ាងខ្លាំង។ លុះដល់ដើមតង់ទី២ ពោលគឺនៅនាទី៤៧ ភាពរីករាយបានកើតឡើង បន្ទាប់ពីខ្សែបម្រើប្រយុទ្ធវ័យក្មេង Nico Williams ស៊ុតមួយគ្រាប់ បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អពី Lamine Yamal ជួយអេស្ប៉ាញ នាំមុខ ១-០។
យ៉ាងណានៅពាក់កណ្ដាលផ្លូវតង់ទី២ ខ្សែប្រើប្រយុទ្ធរបស់តោខៀវ Chelsea កីឡាករ Cole Palmer បានស៊ុតជួយអង់គ្លេស តាមស្មើ ១-១ នៅនាទី៧៣ មុនពេលគ្រាប់បាល់ជ័យជម្នះ ២-១ នៅនាទីទី៨៦ ដោយខ្សែប្រយុទ្ធទើបតែប្ដូរចូល Olyrzabal ជួយឲ្យ អេស្ប៉ាញ លើកពានតែម្ដង។
ដូច្នេះក្រុមជម្រើសជាតិអេស្ប៉ាញ ក្លាយជាប្រទេសដែលឈ្នះជើងឯក UEFA Euro ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ សរុប ៤លើក (១៩៦៤, ២០០៨, ២០១២, ២០២៤) ខណ: ក្រុមអាល្លឺម៉ង់ ធ្លាប់ឈ្នះ ៣លើក។ ចំណែកឯក្រុមជម្រើសជាតិអង់គ្លេស មិនដែលឈ្នះពានរង្វាន់នេះ ម្តងណាឡើយ។
មែនទែនទៅ នេះគឺជាការទទួលបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នាហើយ សម្រាប់អង់គ្នេស ដោយកាលពីឆ្នាំ២០២០ អង់គ្លេស បានចាញ់ អ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
គួរបញ្ជាក់ថា ពានរង្វាន់ឯកត្តជនឆ្នាំនេះ គឺបានទៅលើកីឡាករអេស្ប៉ាញទាំងអស់ ដោយកីឡាករ Rodri ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ខណៈកីឡាករ Lamine Yamal ជាម្ចាស់ពានកីឡាករវ័យក្មេងឆ្នើម ស្របពេលដែលកីឡាករ Dani Olmo ជាម្ចាស់ពានស្បែកជើងមាស ឬអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ៣គ្រាប់៕