ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាអាចនឹងធ្វើការចរចាបទឈប់បាញ់ឈានដល់ចំណុចសូន្យ
បរទេស៖ ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនបានព្រមានអ្នកសម្រុះសម្រួលកាលពីថ្ងៃច័ន្ទថា ការវាយប្រហារកាន់តែខ្លាំងរបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបនឹងកើតឡើងវិញ ដែលអាចធ្វើឱ្យកិច្ចចរចាបទឈប់បាញ់ ឈានដល់ចំណុចសូន្យ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បាននិយាយថា លោក Ismail Haniyeh បាននិយាយជាមួយអ្នកសម្របសម្រួលកាតា និង អេហ្ស៊ីបថា «ផលប៉ះពាល់ដ៏មហន្តរាយ កំពុងកើតឡើងនៅក្នុងទីក្រុង Gaza, Rafah និងតំបន់ផ្សេងទៀតនៅទូទាំង Gaza Strip ។
លោកបានសង្កត់ធ្ងន់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងកងទ័ពរបស់លោក ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះបរាជ័យនៃផ្លូវចរចារនេះ។ ចាប់តាំងពីថ្ងៃអាទិត្យមក កងទ័ពអ៊ីស្រាអែលបាននឹងកំពុងបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ជាច្រើននៃទីក្រុង Gaza ភាគខាងជើងនៃតំបន់ Gaza Strip ឱ្យភៀសខ្លួនឆ្ពោះទៅកាន់ទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សា។
បទបញ្ជាជម្លៀសនេះ បានកើតឡើងចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់កងទ័ពអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកនៅទូទាំងតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់នៅក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។
លោក Ronen Bar ដែលជាប្រធានសេវាសន្តិសុខ Shin Bet របស់អ៊ីស្រាអែល និងនាយក CIA លោក William Burns បានទៅដល់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា ប្រធានសេវាចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Barnea នឹងធ្វើដំណើរទៅប្រទេសកាតានៅថ្ងៃពុធ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani នាយក CIA លោក Burns និងប្រធានស៊ើបការណ៍អេហ្ស៊ីប Abbas Kamel ។
អស់រយៈពេលជាច្រើនខែ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ដើម្បីសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់សម្រាប់ការដោះដូរចំណាប់ខ្មាំង និងបទឈប់បាញ់ត្រូវបានរារាំង និង បដិសេធដោយលោក Netanyahu ។
ជុំវិញបញ្ហានេះ ប្រទេសអ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាសប៉ាឡេស្ទីន។
ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជិត ៣៨,២០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៨៧,៩០០ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
ក្នុងរយៈពេល៩ខែ នៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយ ស្ថិតក្នុងភាពខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។ ជាមួយគ្នានោះ
អ៊ីស្រាអែលជាប់ចោទពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសេចក្តីសម្រេចចុងក្រោយបានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលវាត្រូវបានឈ្លានពាននៅថ្ងៃទី ៦ ខែឧសភា ៕