Close

កម្មកររោងចក្រនៅប្រទេសវៀតណាមរាប់សិបម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
កម្មកររោងចក្រនៅប្រទេសវៀតណាមរាប់សិបម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ កម្មកររោងចក្រនៅប្រទេសវៀតណាមរាប់សិបម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ

យោងទៅតាមប្រភពព័ត៌មានពី Yahoo!news កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានរាយការណ៍ថា កម្មកររោងចក្រវៀតណាមរាប់សិបម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ ដោយសារប្រទេសលោកខាងលិចបានកាត់បន្ថយការចំណាយលើការនាំចូលរបស់ពួកគេ។ ការធ្លាក់ចុះនៃសេដ្ធកិច្ច និងវិបត្តិតម្លៃនៃការរស់នៅនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់ៗសម្រាប់ការនាំចូលទំនិញពីវៀតណាមត្រូវបានគេមើលឃើញថា អត្រានៃការទិញទំនិញដោយប្រទេសលោកខាងលិចមានការធ្លាក់ចុះខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

កម្មការិនីរោងចក្រដែលជាកម្លាំងពលកម្មក្នុងឧស្សាហកម្មកាត់ដេររបស់វៀតណាមប្រហែល ៨០ ភាគរយ បានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបញ្ហាបន្តបន្ទាប់គ្នា។ កម្មករជិតកន្លះលាននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យធ្វើការតិចម៉ោង ដោយសារការបញ្ជាទិញពីប្រទេសក្រៅមានធ្លាក់ចុះនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាបណ្តុំប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹមដ៏ធំបំផុតមួយរបស់ពិភពលោក។

យោងទៅតាមប្រភពដដែលបាននិយាយថា ស្ថានភាពឥឡូវនេះគឺអាក្រក់ជាងការរាតត្បាតកូវីដ-១៩ ទៅទៀត ដោយគិតចាប់តាំងពីខែកញ្ញារហូតមក ក្រុមហ៊ុនជាង ១ ២០០ ដែលភាគច្រើនជាអាជីវកម្មបរទេសបានបញ្ឈប់បុគ្គលិក ឬកាត់បន្ថយម៉ោងធ្វើការ ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ការបញ្ជាទិញធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយពីសហរដ្ឋអាមេរិក និង ៦០ ភាគរយពីអឺរ៉ុប ដោយសារការកើនឡើងអតិផរណា និងវិក្កយប័ត្រថាមពលបានឡើងថ្លៃ។ ក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំនេះ កម្មករជាង ៤៧០,០០០ នាក់បានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៤០,០០០ នាក់បានបាត់បង់ការងាររបស់ពួកគេ ដោយក្នុងនោះមានប្រមាណ ៣០,០០០ នាក់ជាស្ត្រី។

ដោយឡែក ក្រុមហ៊ុនយក្ស Pouyuen ដែលជាអ្នកផលិតស្បែកជើង Nike ក៏បានបញ្ឈប់កម្មកររបស់ខ្លួនចំនួន ២០,០០០ នាក់ ខណៈដែលអ្នកវិនិយោគបរទេសធំជាងគេរបស់វៀតណាមគឺ Samsung Electronics បានចាប់ផ្តើមកាត់បន្ថយការផលិតស្មាតហ្វូនរបស់ខ្លួន៕

អត្ថបទទាក់ទង