វាលស្រែអំបិលនៅខេត្តកំពតទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើន
កំពត៖ វាលស្រែអំបិលស្ថិតនៅក្នុងខេត្តកំពតមិនមែនគ្រាន់តែផ្តល់ផលប្រយោជន៍លើវិស័យកសិកម្មអំបិលមួយមុខសម្រាប់អាជីវកម្មផ្គត់ផ្គង់នៅក្នុងនៅក្នុងស្រុក និងក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងវាលស្រែអំបិលទាំងនោះ កំពុងតែទាញភ្នែកភ្ញៀវទេសចរអន្តរជាតិជាច្រើនផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញក្តីរំពឹងទុកថា ទៅថ្ងៃមុខដ៏ខ្លី វាលស្រែអំបិល នឹងក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្លែមទៀត ខណៈបច្ចុប្បន្នមានទេសចរបរទេសទៅទស្សនាច្រើន។
ប្រធានមន្ទីរទេសចរណ៍រូបនេះ សង្កត់ថា ថា ក្រៅពីសំណង់អគារសន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ខេត្តកំពត មានតំបន់កសិ-ទេសចរណ៍ចម្ការម្រេច (ឃុំកូនសត្វ) ដែលជាទីកន្លែងទាក់ទាញទេសចរបរទេសរាប់រយនាក់ ទៅទស្សនាក្នុងមួយថ្ងៃៗ។ បច្ចុប្បន្នវាលស្រែអំបិលនៅក្នុងខេត្តកំពតបាននឹងកំពុងទាក់ទាញថ្មីមួយបន្លែមទៀតសម្រាប់ភ្ញៀវទេសចរបរទេស។
លោក សយ ស៊ីណុល បានលើកឡើងថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងកំពតចាប់ផ្តើមមានកំណើនឡើងបន្តិចម្តងៗ វិលទៅរកភាពប្រក្រតី ពិសេសភ្ញៀវបរទេស។ នៅខែមករា ឆ្នាំ
២០២៤ ភ្ញៀវទេសចរបរទេសមានចំនួន ៨ពាន់នាក់, នៅខែកុម្ភៈ កើនដល់ ១ម៉ឺន ២ពាន់នាក់ និងថានៅខែមីនា សន្ទុះភ្ញៀវនៅតែបន្តកើនឡើង។
លោក សយ ស៊ីណុលបន្ថែមថា៖« ក្រៅពីដើរទស្សនាសំណង់អគារបុរាណដែលបន្សល់ទុកពីសម័យអាណានិគមបារាំង និងទស្សនាតំបន់ចម្ការម្រេច ភ្ញៀវបរទេសស្ទើរតែទាំងអស់បានធ្វើដំណើរទៅទស្សនាវាលស្រែអំបិល នៅឃុំជុំក្រៀល ស្រុកទឹកឈូ ដើម្បីសិក្សាស្វែងយល់ពីរបៀបផលិតអំបិលធម្មជាតិ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ»។
លោក សយ ស៊ីណុលសង្កត់ទៀតថា៖«ទោះបីជាបច្ចុប្បន្ន ស្រែអំបិលនៅមិនទាន់មានការរៀបចំឱ្យមានលក្ខណៈជាស្តង់ដាសម្រាប់ទទួលទេសចរក្តី ប៉ុន្តែម្ចាស់ស្រែអំបិលដែលនៅជាប់ផ្លូវបានបង្កើតអាហារដ្ឋាន និងហាងការហ្វេជាច្រើន ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកហាត់ប្រាណ មកអង្គុយស្រូបយកខ្យល់អាកាស និងមើលថ្ងៃលិចជាដើម»។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ តំបន់វាលស្រែអំបិលឃុំជុំគ្រៀលទៅថ្ងៃមុខ នឹងត្រូវបានរៀបចំឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាញថ្មីមួយទៀត ព្រោះទីតាំងនេះនៅក្បែរក្រុង ហើយជាប់តំបន់ឆ្នេរកម្សាន្តកោះស្មៅ ពិសេសនៅពេលកំពង់ផែទេសចរណ៍អន្តរជាតិបើកឱ្យដំណើរការ តំបន់ស្រែអំបិលជុំគ្រៀល ពិតជាកាន់តែមានភាពទាក់ទាញថែមទៀត។ ទន្ទឹមនេះ មជ្ឈមណ្ឌលពិព័រណ៍អំពិលកម្ពុជា នឹងបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានបិទផ្អាកដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កន្លងទៅ។
យោងតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត មានផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា។ នៅឆ្នាំ២០២៤ ដោយសារតែអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ទិន្នផលអំបិលប្រមូលបានសរុបប្រមាណជាង ២ម៉ឺនតោន ខណៈមន្ត្រីជំនាញរំពឹងថា ឆ្នាំនេះ ខេត្តកំពតនឹងអាចផលិតអំបិលបានប្រមាណ ១០ម៉ឺនតោន ប្រសិនបើអាកាសធាតុនៅតែអំណោយផលដល់ចុងខែដែលផលិតអំបិល៕