Close

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងធ្វើការតស៊ូមតិជាមួយ FIFA ដើម្បីចុះឈ្មោះ Privat Mbarga លេងឲ្យក្រុមជម្រើសជាតិកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងធ្វើការតស៊ូមតិជាមួយ FIFA ដើម្បីចុះឈ្មោះ Privat Mbarga លេងឲ្យក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងធ្វើការតស៊ូមតិជាមួយ FIFA ដើម្បីចុះឈ្មោះ Privat Mbarga លេងឲ្យក្រុមជម្រើសជាតិកម្ពុជា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃ សុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ចេញព័ត៌មានអំពីក្រុមជម្រើសជាតិកម្ពុជា ពាក់ព័ន្ធនឹងការចុះឈ្មោះ Privat Mbarga លេងឲ្យក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ កាមេរូន រូបនេះ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖

តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរក្នុងការតាំងចិត្តចង់ចូលសញ្ជាតិដើម្បីចូលរួមលេងអោយក្រុមជម្រើសជាតិកម្ពុជា ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។

អំឡុងការកោះហៅកីឡាករបោះជុំរំហ្វឹកហាត់ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ កាលពីខែតុលាកន្លងទៅ នៅក្នុងការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងអោយកម្ពុជាបាន។

នៅក្នុងការឆ្លើយតបទៅបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួលមេធាវីនៅប្រទេសស្វីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងអោយក្រុមជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្ន មេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួលអោយធ្វើការតស៊ូមតិជាមួយ FIFA កំពុងធ្វើការងារក្នុងករណីនេះ។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅពេលទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ។

គួរបញ្ជាក់ថា Privat Mbarga មកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៣ ក្នុងនាមជាកីឡាករបឹងកេត។ ជាបន្តបន្ទាប់ Privat បានផ្ទេរទៅក្លិបនានាដូចជា វេស្ទើនភ្នំពេញ, អង្គរថាយហ្គឺរ, ណាហ្កាវើលដ៍, អាស៊ីអឺរ៉ុបយូណាយធីត, ព្រះខ័នរាជស្វាយរៀង និងបច្ចុប្បន្នលេងឱ្យ Bali United នៅឥណ្ឌូនេស៊ី។ Privat Mbarga ទទួលបានសញ្ជាតិខ្មែរជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៕


អត្ថបទទាក់ទង