Close

CPL សម្រេចមិនបន្តកុងត្រាថ្មីជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ព្រមទាំងធ្វើកំណែទម្រង់លើផ្នែកមួយចំនួន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ កីឡា
CPL សម្រេចមិនបន្តកុងត្រាថ្មីជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ព្រមទាំងធ្វើកំណែទម្រង់លើផ្នែកមួយចំនួន CPL សម្រេចមិនបន្តកុងត្រាថ្មីជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ព្រមទាំងធ្វើកំណែទម្រង់លើផ្នែកមួយចំនួន

ក្រោយមានការប្រជុំពិភាក្សាជាមួយក្លិបបាល់ទាត់សមាជិក ក្រុមហ៊ុន Cambodian Premier League(CPL) កាលពីព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលានេះ បានប្រកាសក្នុងទំព័រផ្លូវការណ៍របស់ខ្លួនថា ក្រុមហ៊ុននឹងមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ក្រោយកុងត្រាគាត់ ត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ CPL៖
“សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ សេចក្ដីសម្រេចពីសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀលីគ ក្រោយមានការប្រជុំពិភាក្សាជាមួយក្លិបបាល់ទាត់សមាជិក បានសម្រេចថា៖
១. ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើការកំណែរទំរង់លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ឲ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន។ កំណែរទំរង់នេះគឺធ្វើឡើង ដើម្បីឲ្យក្លិបជាសមាជិកមានសំលេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ។

២. នៅក្នុងកំណែរទំរង់នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ក្រោយកុងត្រាគាត់ ត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ ដោយក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…..) ឲ្យទៅក្រុមព្រឹក្សាភិបាលថ្មី ក្រោយធ្វើការកំណែរទំរង់។
៣. ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់”។

បើតាមការបញ្ជាក់របស់អ្នកតំណាងពីសមាជិកក្រុមប្រឹក្សាភិបាល CPL ក្នុងពិធីសំណេះសំណាល់ជាមួយបងប្អូនអ្នកសារព័ត៍មាននៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានឲ្យដឹងថា លោក Satoshi Saito នឹងចាកចេញពីក្រុមហ៊ុន នៅត្រឹមថ្ងៃទី៣១ ខែតុលានេះ ហើយក្រុមហ៊ុននឹងបង់ប្រាក់បៀវត្សឲ្យលោកដល់ដំណាច់ឆ្នាំនេះ។

បន្ទាប់មក លោក Satoshi Saito នឹងត្រូវប្រគល់ភារកិច្ចរបស់លោក ឲ្យទៅមនុស្សម្នាក់ដែលត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ដើម្បីដំណើរការលីគជាបណ្ដោះអាសន្ន មុនពេលរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរៀបចំរួចរាល់។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ពាក់ពាន់នឹងរឿងខាងលើនេះដែរ វាជាការសម្រេចចិត្តរបស់ក្រុមហ៊ុន CPL ហើយមិនពាក់ព័ន្ធជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នោះទេ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ពិសេសអ្នកគាំទ្រ កុំយល់ច្រឡំ៕

អត្ថបទទាក់ទង