ប្រជាកសិករមានដីធ្លីទំហំតូចៗនៅតំបន់សំឡូត ជ្រើសយករបរចិញ្ចឹមឃ្មុំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ
បាត់ដំបង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាកសិករដែលមានដីទំហំតូច មិនអាចធ្វើចំការបាននៅតំបន់សំឡូត ស្រុកសំឡូត ខេត្តកំពង់ស្ពឺ បានជ្រើសយករបរចិញ្ចឹមឃ្មុំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ស្របតាមនយោបាយឈ្នះឈ្នះបន្តធ្វើនៅឡើយនៅតំបន់សំឡូត។
តាមរយៈបណ្តាញសង្គមរបស់ខ្លួន ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា វិធីចិញ្ចឹមឃ្មុំនេះ ប្រជាកសិករទាំងនោះ ត្រូវសហការជាមួយអ្នកមានចំការ បែបឈ្នះឈ្នះ ដោយអ្នកមានចំការអនុញ្ញាតឱ្យអ្នកចិញ្ចឹមឃ្មុំ ចូលក្នុងចម្ការ ដាក់ហិបឃ្មុំនៅក្នុងចំការដែលមានដើមឈើ ដែលមានផ្កា ឃ្មុំអាចក្របលម្អងបាន ហើយអ្នកចិញ្ចឹមឃ្មុំជួយមើលថែចំការ។
ឯកឧត្តម សាម អ៊ីន បានសង្កាត់ធ្ងន់ងថា ការក្រេបលម្អងរបស់ឃ្មុំជួយឱ្យមានការបង្កាត់លម្អងញីឈ្មោល ធ្វើឱ្យចំការផ្តល់ផលជាផ្លែផ្កាល្អ។ ម្ចាស់ចំកសរស្ម័គ្រចិត្តមិនប្រើថ្នាំសម្លាប់សត្វល្អិត ដែលប៉ះពាល់ដល់ឃ្មុំ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «មកដល់ទឹកដីសំឡូត និងឃើញអំពីកិច្ចសហការរវាងម្ចាស់ចំការ និងអ្នកចិញ្ចឹមឃ្មុំ ធ្វើឱ្យខ្ញុំនឹកឃើញដល់នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ដែលលោកបានប្រតិបត្តិជាមួយភាពប៉ិនប្រសប់ ដើម្បីពន្លត់សង្រ្គាមនៅតំបន់សំឡូត»។
ឯកឧត្តម សង្កត់ធ្ងន់ទៀតថា៖ « នៅក្នុងរូបភាពទី២ បើលោកអ្នកពិនិត្យផ្នែកខាងក្រោមបងប្រុសដែលឈរក្បែរខ្ញុំ អ្នកនឹងដឹងថា គាត់មានជើងសិប្បនិមិត្តទាំង២ ដោយសារជើងគាត់ទាំង២ពិការក្នុងសម័យសង្រ្គាម។ គាត់ពិការតែជើងទេ តែចិត្តគាត់មិនពិការឡើយ។ នេះជាផ្នែកមួយនៃគម្រោងកាត់បន្ថយភាពក្រីក្រ ដោយផ្សារភ្ជាប់នឹងការអភិរក្សធនធានធម្មជាតិ របស់អង្គការ MJP ដែលជាដៃគូសំខាន់មួយរបស់ក្រសួងបរិស្ថាននៅតំបន់សំឡូត»៕