Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងប្រាក់ខែជូនកម្មករ និយោជិតធ្វើឡើងក្នុងរូបមន្តចែកគ្នារស់ ជួយគ្នារស់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងប្រាក់ខែជូនកម្មករ និយោជិតធ្វើឡើងក្នុងរូបមន្តចែកគ្នារស់ ជួយគ្នារស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងប្រាក់ខែជូនកម្មករ និយោជិតធ្វើឡើងក្នុងរូបមន្តចែកគ្នារស់ ជួយគ្នារស់

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកការដំឡើងប្រាក់ខែជូនកម្មករ និយោជិតចំនួន ២០៤ ដុល្លារអាមេរិកសម្រាប់ឆ្នាំង ២០២៤ គឺ ធ្វើឡើងក្នុងរូបមន្តចែកគ្នារស់ និងជួយគ្នារស់  ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត  រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត បើទោះបីជាមិនបានឡើងច្រើនក៏ដោយ ប៉ុន្តែការដំឡើងប្រាក់ខែជូនកម្មករ និយោជិត ធ្វើឡើងក្នុងរូបមន្តចែកគ្នារស់ ជួយគ្នារស់។

សម្តេចធិបតីបញ្ជាក់ថា «ការដំឡើងនេះបានចំនួចតិចតួចមែន ប៉ុន្តែបើយើងសរុបកម្មករនយោជិតទូទាំងប្រទេស គឺមិនតិចនោះឡើយ ហើយម៉្យាងទៀត ការដំឡើងនេះដែរ ស្របពេលដែលប្រទេសនានាមិនបានដំឡើងនោះទេ ដោយសារវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដូច្នេះហើយការដំឡើងនេះ គឺដើម្បីចែកគ្នារស់ជួយគ្នារស់»។

ជាមួយគ្នានេះ សម្តេចតេជោ  ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមនៅយប់ថ្ងៃទី ២ ខែតុលានេះឱ្យដឹងថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។  ការដំឡើងបានបៀវត្តន៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាន អបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។

បើតាមសម្តេចតេជោ  ហ៊ុន សែន បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។

យោងតាមលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។

យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ (កើន ៤ដុល្លា ប្រៀបធៀបជាមួយឆ្នាំ២០២៣ ដែលមានត្រឹម ២០០ដុល្លា)៕

អត្ថបទទាក់ទង