Close

គ្រឹះស្ថានសិក្សាចំណេះទូទៅប្រមាណ ៣០,០០០ សាលានៅទូទាំងប្រទេស ត្រូវបានជំរុញឲ្យអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ១ថ្ងៃ ក្នុង ១សប្តាហ៍

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សាចំណេះទូទៅប្រមាណ ៣០,០០០ សាលានៅទូទាំងប្រទេស ត្រូវបានជំរុញឲ្យអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ១ថ្ងៃ ក្នុង ១សប្តាហ៍ គ្រឹះស្ថានសិក្សាចំណេះទូទៅប្រមាណ ៣០,០០០ សាលានៅទូទាំងប្រទេស ត្រូវបានជំរុញឲ្យអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ១ថ្ងៃ ក្នុង ១សប្តាហ៍

យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ត្រូវបានដាក់ឲ្យអនុវត្តនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ក្នុងគោលដៅជាង ៣០ ០០០ សាលា នៅទូទាំងប្រទេស ដែលមានសិស្សានុសិស្សជាង ៣ លាន ៧ សែននាក់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឈានទៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ។

ជាក់ស្តែង គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ មានសិស្សានុសិស្សជាង១លាននាក់ ដែលមកពីសាលាជាង ៩,០០០សាលា នៅទូទាំងរាជធានី/ខេត្តចំនួន២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា បានមានថ្លែងថា យុទ្ធនាការនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ក្នុងការកាត់បន្ថយការបំពុលបង្កដោយប្លាស្ទិក ។ ជាក់ស្តែង ដបប្លាស្ទិកមួយនឹងរលាយដោយឯកឯង ក្នុងរយៈពេល ៤៥០ឆ្នាំ ដូចនេះ ជាតិពុលនឹងនៅក្នុងបរិស្ថានជុំវិញខ្លួនយើងរាប់ជំនាន់របស់មនុស្សជាតិ ហេតុនេះយើងទាំងអស់គ្នាមានភាពចាំបាច់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទីក ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគាំទ្រ និងជំរុញបន្តអនុវត្ត ហើយជឿជាក់ថាអ្នកចូលរួម ជាពិសេសប្អូនៗសិស្សានុសិស្សនឹងរួមគ្នាផ្សព្វ ផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារឱ្យកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

គួរជម្រាបថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  ត្រូវបានរៀបចំឡើងក្នុងជំហានដំបូងនៅតាមសាលា ៨ទីតាំងផ្សេងគ្នា ក្នុងខេត្តកំពង់ឆ្នាំង រួមមាន ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស ស្រុកបរិបូរណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី  ។

យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ ចំនួន ៣,៨៤៥ រួមទាំងសិស្សានុសិស្សសរុបចំនួនជាងដប់ម៉ឺននាក់ ដែលបានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ប្លាស្ទិក ឬ  Bye Bye ថង់ប្លាស្ទិក ៕

អត្ថបទទាក់ទង