រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យប្រធានផ្សាររដ្ឋយកចិត្ដទុកដាក់រឹតបន្ដឹងសន្ដិសុខ និងអនាម័យស្អាត
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំ និងជំរុញឱ្យ ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថាននៅជុំវិញនិងក្នុងផ្សារ។
ឯកឧត្តម បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងផ្សាររដ្ឋទាំង២៥ផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមបន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយនៅក្នុងផ្សារដែលខ្លួនគ្រប់គ្រង ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឱ្យបានច្បាស់លាស់ចំពោះអាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលយើងថែទាំពួកគាត់ ។ បន្ថែមពីនេះទៀតយើងត្រូវណែនាំដល់ បងប្អូនប្រជាពលរដ្ឋនិងអាជីវករ ឱ្យ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។
ឯកឧត្តម អភិបាលរាជធានី ក៏បានជំរុញ ឱ្យពិនិត្យបានហ្មត់ចត់ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី ជាមួយនឹងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវ ពិនិត្យឱ្យ បានហ្មត់ចត់។ ក្នុងនាមយើងជាអាណាព្យាបាលប្រជាពលរដ្ឋ គឺអាជ្ញាធរខណ្ឌទាំង ១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងអាជីវករគោរពស្រឡាញ់យើងឱ្យបានយូរអង្វែង នោះទើបយើងទទួលបានឈ្មោះជាឱពុកម្ដាយគេ៕