ប្រធានក្លឹប Spurs និយាយថា វាជាកំហុសក្នុងការតែងតាំង លោក Mourinho និង Conte ជាគ្រូបង្វឹក
(បាល់ទាត់)៖ ប្រធានក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy បាននិយាយថា វាជាកំហុស ក្នុងការដែលក្លិបរបស់លោកតែងតាំងលោក Jose Mourinho និងលោក Antonio Conte ជាគ្រូបង្វឹកកាលពីពេលកន្លងមក។
កាលពីខែមីនា អតីតគ្រូបង្វឹកក្រុម Juventus លោក Conte បានក្លាយជាអ្នកចាត់ការទីពីរ ដែលបានចាកចេញពីទីក្រុងឡុងដ៍ ក្នុងរយៈពេលជាង ៣ឆ្នាំ បន្ទាប់ពីពួកគេក៏បានបណ្តេញលោក Mourinho កាលពី២ឆ្នាំមុន បន្ទាប់ពីអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ជំនួសកន្លែង លោក Mauricio Pochettino។
លោក Levy បានរងការរិះគន់យ៉ាងចាស់ដៃ នាពេលកន្លងមក ដោយអ្នកគាំទ្រ Spurs មួយចំនួន បានបន្ទោសបុរសវ័យ ៦១ឆ្នាំរូបនេះថា ក្លឹបមិនបានឈ្នះពានណាមួយឡើយ ចាប់តាំងពីឆ្នាំ ២០០៨។
លោក Levy បាននិយាយទៅកាន់អ្នកគាំទ្រថា៖ «ខ្ញុំចង់ឈ្នះពានរង្វាន់ជាច្រើន ដូចក្លិបដទៃដែរ។ យើងស្ទើរតែឈ្នះ UCL ជាមួយនឹងលោក Mauricio យើងបានឆ្លងកាត់ពេលវេលាដ៏ល្អមួយចំនួន។យើងមិនសូវបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រទេ ប៉ុន្តែយើងធ្វើវាបាន ពេលនោះហើយ យើងមានការផ្លាស់ប្តូរយុទ្ធសាស្រ្ត»។
លោកបន្តថា៖«យុទ្ធសាស្ត្រនោះ គឺយើងនាំយកមកនូវគ្រូបង្វឹកល្បីឈ្មោះ ដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើន ហើយយើងបានធ្វើវាពីរដង(តែងតាំងលោក Mourinho និង Conte) ដូច្នេះយើងត្រូវតែរៀនពីកំហុសនេះ»។
លោកបានសង្គត់ធ្ងន់ថា៖« “ពួកគេ (Mourinho និង Conte) គឺជាអ្នកចាត់ការដ៏អស្ចារ្យ ប៉ុន្តែប្រហែលជាមិនមែនសម្រាប់ក្លឹបនេះទេ។ សម្រាប់អ្វីដែលយើងចង់បាន យើងចង់លេងតាមរបៀបជាក់លាក់មួយ ហើយប្រសិនបើនោះមានន័យថា វាត្រូវចំណាយពេលយូរបន្តិច ដើម្បីឈ្នះ ប្រហែលជាវាជារឿងត្រឹមត្រូវ សម្រាប់ពួកយើង»។
គួរបញ្ជាក់ថា Spurs ឈរលេខ២លើតារាង ដោយមាន ១៣ពិន្ទុក្នុងការប្រកួត៥លើក ដែលតាមពីក្រោយក្រុម Manchester City តែ២ពិន្ទុប៉ុណ្ណោះ។ នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ Spurs នឹងជួបគូប្រជែងក្នុងទីក្រុងឡុងដ៍ Arsenal នៅថ្ងៃ មុនពេលទទួលក្រុម Liverpool នៅថ្ងៃទី ៣០ ខែកញ្ញា៕