កសិករ ព្រំ វ៉ាត ម្ចាស់កសិដ្ឋាន ភ្ញាស់ និងចិញ្ចឹមបង្កងនៅខេត្តតាកែវ ចែករំលែកបទពិសោធន៍ចិញ្ចឹមបង្កង
តាកែវ៖ កសិករ ព្រំ វ៉ាត ជាម្ចាស់កសិដ្ឋាន ភ្ញាស់ និងចិញ្ចឹមបង្កង ខ្នាតមធ្យមមួយកន្លែង ស្ថិតនៅភូមិព្រៃ សំបួរ សង្កាត់អង្គរបូរី ក្រុងអង្គរបូរី ខេត្តតាកែវ ជាកសិករ ដែលកំពុងទទួលបានភាពជោគជ័យលើមុខរបរចិញ្ចឹមបង្កង បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជុំវិញការដែលខ្លួនខិតខំប្រឹងប្រែងចិញ្ចឹមបង្កងរហូតទទួលបានជោគជ័យ។
កសិករ ព្រំ វ៉ាត បានចាប់យកមុខរបរចិញ្ចឹម ត្រី និងចិញ្ចឹមបង្កង តាំងពីឆ្នាំ២០០៦មកម្ល៉េះ គាត់ជាកសិករក្រីក្រម្នាក់ កាលដើមឡើយមានដីត ១០អាប៉ុណ្ណោះ ដោយមានមន្ត្រីជំនាញមកពីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ តែងចុះមកបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេស ភ្ញាស់កូនត្រី បង្កង និងចិញ្ចឹមបង្កង គាត់ក៏ចាប់ផ្តើមមុខរបរភ្ញាស់ កូនតី បង្កង និងចិញ្ចឹមត្រី បង្កង នៅក្នុងទំហំដី១០អានោះ បន្ទាប់ពីការចិញ្ចឹមតិចៗក៏ទៅជាធំបន្តិចម្ដងៗ ហើយគាត់ក៏ទទួលបានជោគជ័យ រហូតមកដលពេល់បច្ចុប្បន្ននេះ។
ដោយការព្យាយាមខិតខំរកលុយបានពី ការភ្ញាស់ត្រី បង្កង និងចិញ្ចឹម បង្កង មកដល់ពេលបច្ចុប្បន្ននេះគាត់បានទិញដីពង្រីកកសិដ្ឋាន របស់គាត់បានចំនួន ៤ហិកតាកន្លះ។ ដោយមានការយកចិត្ត ទុកដាក់ និងចង់ចេះពីបច្ចេកទេស និងតែងធ្វើតាមបច្ចេទេស ភ្ញាស់ត្រី បង្កង និងចិញ្ចឹមបង្កង ពីមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តតាកែវ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាល ធ្វើឱ្យមុខរបររបស់ចេះតែទទួលបានផ្លែផ្កា ជារៀងរហូតមក។ បច្ចុប្បន្នគាត់មានស្រះចំនួន៥ស្រះ ក្នុងនោះមានស្រះមួយទំហំ ១.៣ ហិចតា និងមួយទៀតមានទំហំជាង ១០០០ ម៉ែត្រការ៉េ។
១.បច្ចេកទេសចិញ្ចឹម
កសិករ ព្រំ វ៉ាត បានរៀបរាប់ប្រាប់ថា ដើម្បីចិញ្ចឹមបង្កងទទួលបានជោគជ័យ ត្រូវមានការគិតដល់ការងារមួយ ចំនួនដូចជា៖
ក. ការជ្រើសរើសទីតាំងស្រះ
បង្កងទឹកសាបទទួលបានលទ្ធផលល្អ ស្រះគួរមានទីតាំងស្ថិតនៅជិតផ្ទះ ងាយស្រួលនៅក្នុងការគ្រប់គ្រង និងស្ថិតនៅទីវាលស្រឡះ គ្មានដើមឈើ ឬរុក្ខជាតិផ្សេងៗ ដុះព័ទ្ធជុំវិញ ស្ថិតនៅទីវាលទំនាប តែមិនលិចទឹកនៅរដូវវស្សា និងស្រះគួរមានទីតាំងស្ថិតនៅលើដីមានគុណភាពល្អ ពោលគឺជាល្បាយដីឥដ្ឋ ដែលអាចរក្សាទឹកបានយូរ លើសពី៥ខែ។ ត្រូវរៀបចំស្រះមុនពេលដាក់កូនបង្កងចិញ្ចឹមដូចជា ត្រូវបូម ទឹកពង្រឹងចេញពីស្រះ ដើម្បីចាប់ចេញឱ្យអស់នូវរាល់ពពួកសសត្វចង្រៃផ្សេងៗដូចជា៖ កង្កែប អន្ទង់ ពស់ ក្តាម ជាពិសេស ត្រីកាច ស្តារភក់បាតស្រះ ដោយរក្សាជម្រៅចន្លោះពី ៥ ទៅ ១០សង់ទីម៉ែត្រ បាចកំបោរ បន្ទាប់ពីបានបូមទឹកពង្រឹងចេញ ពីស្រះ និងស្ដារភក់បាតស្រះរួច នូវបរិមាណចន្លោះពី ៥ ទៅ ១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េស្រះ រួចហាលថ្ងៃរយៈពេល ពី ២ ទៅ ៣ថ្ងៃ បញ្ចូលទឹកចូលស្រះ ជម្រៅចន្លោះពី២០ទៅ ៣០សង់ទីម៉ែត្រ ដោយមានតម្រងច្រោះទឹក ការពារសត្វល្អិត ចង្រៃផ្សេងៗ ឬត្រីកាចចូលទៅក្នុងស្រះ បញ្ចូលល្បាយទឹកជីលាមកសត្វ នូវបរិមាណពី ២៥ ទៅ ៣០គីឡូក្រាមក្នុង ១០០ ម៉ែត្រការ៉េ រួចហាលថ្ងៃរយៈពេលពី ២ ទៅ ៣ថ្ងៃ បញ្ចូលទឹក បំពេញបន្ថែមបង្គ្រប់ជម្រៅចន្លោះពី ១ទៅ ១.៥ម៉ែត្រ។
ខ. ពូជ
កសិករ ព្រំ វ៉ាត បានរៀបរាប់ប្រាប់បន្តទៀតថា ត្រូវជ្រើសរើសកូនបង្កងពូជ ដែលមានសុខភាពល្អ តាមរយៈការសង្កេតមើលលើពុកមាត់របស់វាមានលក្ខណៈស្របគ្នា។ តែផ្ទុយទៅវិញ ប្រសិនបើសង្កេតឃើញថា ពុកមាត់របស់វាមានរាងលក្ខណៈដូចអក្សរវី (V) នោះសបញ្ជាក់ឱ្យឃើញថាកូន បង្កងមានសុខភាពមិនល្អ ពោលគឺមានសុខភាពខ្សោយ។ និងម៉្យាងទៀត យើងអាចសង្កេតលើសកម្មភាពរបស់វា ដូច ជាការហែលមានលក្ខណៈរហ័សរហួន លើផ្ទៃទឹកផ្នែកខាងលើនៅពេលយើងផ្តាច់ចរន្តខ្យល់អុកស៊ីហ្សែនម្ដងៗ នោះស បញ្ជាក់ថា កូនបង្កងមានសុខភាពល្អ។
ក្រៅពីនេះយើងអាច ធ្វើការកត់សម្គាល់ផងដែរ លើដងខ្លួនកូនបង្កងដែលមានសុខភាពល្អ តែងតែមានពណ៌ខៀវ តែចំពោះកូនបង្កង មានសុខភាពមិនល្អវិញ ឬមានជំងឺ គឺដងខ្លួនរបស់វាតែងត មានពណ៌សស្រអាប់ ហើយសំបកគម្របថ្ពាល់របស់វាមាន ពណ៌ខ្មៅ។
កសិករ ព្រំ វ៉ាត បានឱ្យដឹងដែរថា ចំណីសម្រាប់ចិញ្ចឹមបង្កងនាពេលបច្ចុប្បន្ននេះ រួមមានបីប្រភេទ គឺចំណីស្រស់ ចំណីផ្សំ និងចំណីគ្រាប់ ឬចំណីផលចេញពីរោងចក្រ។
ចំណីស្រស់រួមមាន ដូចជាត្រីល្អិត កំពឹស ក្តាម ខ្យង ។ល។ និង ចំណីផ្សំ ជាប្រភេទចំណីផ្សំឡើងពីសមាសធាតុផ្សេងៗ ឬ ពីវត្ថុធាតុដើមមានស្រាប់ អាចរកបានតាមមូលដ្ឋានដូចជា ម្សៅត្រី កន្ទក់ ចុងអង្ក ពោត សណ្ដែកសៀង និងគ្រាប់ធញ្ញ ជាតិផ្សេងៗទៀត។ល។ ចំណីគ្រាប់ជាប្រភេទចំណីផលិត ចេញពីរោងចក្រ អាចធានាបានទាំងបរិមាណសារធាតុបំប៉ន និងគុណភាពងាយស្រួលប្រើប្រាស់នៅក្នុងការផ្ដល់ឱ្យបង្កង ស៊ី និងចិញ្ចឹមបង្កង តែមានតម្លៃខ្ពស់លើទីផ្សារ។
២. ការប្រមូលផល
កសិករ ព្រំ វ៉ាត បានឱ្យដឹងដែរថា ជាទូទៅ បង្កងចិញ្ចឹម ក្នុងរយៈពេលចន្លោះពី ៤ ទៅ ៥ខែ អាចមានទម្ងន់ជាមធ្យម ចន្លោះពី ៣០ ទៅ ៥០ ក្រាមក្នុង ១ក្បាល ដែលជាទំហំសមស្របអាចប្រមូលផលយកទៅលក់លើទីផ្សារបាន។ ចំពោះ បង្កងរបស់គាត់ក្នុងមួយថ្ងៃ អាចប្រមូលផលយកទៅលក់បាន ពី ៤០ ទៅ ៥០ គ.ក្រ ឥឡូវគាត់ប្រមូលផលបានជិតមួយតោនហើយ នៅសល់ស្រះខ្លះ មិនទាន់បានប្រមូលផល។
ហើយចំពោះទីផ្សារវិញ គាត់បានប្រាប់ថា សម្រាប់ពេលបច្ចុប្បន្ន គាត់បានលក់ជាបង្កងសាច់ពី ៣ ទៅ ៤តោនក្នុងមួយឆ្នាំ ហើយនៅក្នុងការលក់នេះដែរ ត្រូវមានបែងចែកទៅតាមចំណាត់ថ្នាក់ ដោយបង្កងចំណាត់ថ្នាក់លេខ១ ១ គ.ក្រ តម្លៃ ២០ដុល្លារ និងបង្កងចំណាត់ថ្នាក់លេខ២ ១ គ.ក្រ តម្លៃ១៥ ដុល្លារ រីឯអតិថិជនជាកាម៉ង់ទិញភាគច្រើនមកពីរាជធានីភ្នំពេញ ហើយសម្រាប់កូនបង្កងពូជវិញ គាត់បានលក់ជូនទៅគ្រប់បណ្តារាជធានី-ខេត្ត ទាំង២៥ នៃប្រទេសកម្ពុជា ហើយមានរយៈពេលពេញមួយឆ្នាំតែម្តង កូនបង្កងមានតម្លៃចន្លោះពី ២៥០រៀល ទៅ ៣០០រៀល ក្នុងមួយក្បាល។ កូនបង្កងអាយុ កាល១ខែ មានទំហំប្រហែល២លី ដោយមានធានាដឹកជញ្ជូនដល់គោលដៅ និងផ្តល់បច្ចេកទេសចិញ្ចឹមបង្កង ជូនអតិថិជន ដោយមិនគិតថ្ល។
៣.សំណូមពរ
កសិករ ព្រំ វ៉ាត បានសំណូមពរថា សុំបងប្អូនប្រជាកសិករទាំងអស់ ដែលមានដីទំនេរ សូមកុំទុកចោលសូមធ្វើស្រូវផង ចិញ្ចឹមបង្កងផង ធ្វើរបៀបកសិកម្មចម្រុះ លើកភ្លឺស ជុំវិញស្រះពេលទឹកឡើងយើងចិញ្ចឹមបង្កងពេលទឹកស្រក់យើង ប្រមូលផលបង្កងវិញ ហើយធ្វើស្រូវបន្ត។ ដោយសារការចិញ្ចឹម បង្កងនេះ ទទួលបានប្រាក់ចំណេញច្រើន សូមឱ្យបងប្អូនប្រជា កសិករទូទាំងប្រទេសបង្វែរមកចិញ្ចឹមបង្កងនេះវិញ ដោយសារ បង្កងមានតម្លៃថ្លៃជាងត្រី យើងអាចចិញ្ចឹមបង្កងក្នុងស្រែបាន ដោយជីកប្រឡាយព័ទ្ធជុំវិញស្រែ នៅពេលដែលប្រមូលផល យើងអាចប្រមូលផលបង្កងផង និងស្រូវផង។ សូមបងប្អូនងាក មកចាប់មុខរបរចិញ្ចឹមបង្កងវិញ ព្រោះវាមានតម្លៃថ្លៃហើយងាយស្រួលចិញ្ចឹ៕