ជម្លោះពាណិជ្ជកម្ម៖ ប៉ូឡូញ សម្រេចបញ្ឈប់ការផ្គត់ផ្គង់អាវុធឲ្យប្រទេសអ៊ុយក្រែន
បរទេស ៖ ទីបំផុតក្រោយភាពតានតឹងនៃជម្លោះពាណិជ្ជកម្មលើផលិតផលគ្រាប់ធញ្ញជាតិរវាងគ្នាមួយរយៈចុងក្រោយនេះ ប្រទេសប៉ូឡូញដែលជាអ្នកគាំទ្រដ៏សំខាន់មួយរបស់អ៊ុយក្រែនក្នុងការប្រឆាំងនឹងប្រទេសរុស្សីនោះបានសម្រេចចិត្តក្នុងការបញ្ចប់ការផ្គត់ផ្គង់អាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវទៀតហើយ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki ។លោកបានអះអាងរដ្ឋាភិបាលទីក្រុងវ៉ាហ្ស៊រនឹងមិនបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែនទៀតឡើយហើយនឹងងាកមកពង្រឹងនិងការពារសន្តិសុខរបស់ប្រទេសខ្លួនជំនួសវិញ។
លោក Morawiecki បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រដ្ឋាភិបាលប៉ូឡូញនឹងបញ្ឈប់ការនាំចេញសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនដែលសកម្មភាពនេះបានកំពុងតែបង្ហាញពីការបែកបាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងទាំងពីរ ទោះបីជាកន្លងមកអ៊ុយក្រែនតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងវ៉ាហ្ស៊គិតចាប់តាំងតែពីប្រតិបត្តិការពិសេសរបស់រុស្សីបានធ្វើឡើង។
លោក Morawiecki បាននិយាយថា៖យើងនឹងឈប់ការផ្គត់ផ្គង់សព្វាវុធទៅអ៊ុយក្រែនទៀតហើយ ពីព្រោះឥឡូវនេះ យើងកំពុងចាប់ផ្តើមពង្រឹងសមត្ថភាពរបស់យោធាប៉ូឡូញ ជាមួយនឹងអាវុធទំនើបជាងជំនួសវិញ។
គួរឲ្យដឹងដែរថានៅក្នុងសេចក្តីប្រកាសនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានព្រមានដែរថាការហាមប្រាមពាណិជ្ជកម្មបន្ថែមអាចត្រូវបានដាក់លើទីក្រុងគៀវ ដោយហេតុថា អាជ្ញាធរអ៊ុយក្រែនមិនបានស្វែងយល់ពីកម្រិតដែលឧស្សាហកម្មកសិកម្មរបស់ប្រទេសប៉ូឡូញកំពុងមានអស្ថិរភាពតាមរយៈការនាំចូលពីបរទេសនាពេលកន្លងមក។
ការសម្រេចចិត្តបញ្ឈប់ការផ្គត់ផ្គង់អាវុធកើតឡើងនៅចំពេលដែលប្រតិបត្តិការវាយបករបស់ទីក្រុងគៀវហាក់ដូចជាមិនទាន់បានទទួលលទ្ធផលអ្វីជាដុំកំភួននៅឡើយហើយនឹងត្រូវអូសបន្លាយរហូតទៅដល់ស្លឹកឈើជ្រុះទើបអាចប្រតិបត្តិការបានសាជាថ្មីខណៈដែលយោធារបស់ខ្លួនជាង៣ខែកន្លងមកបានបាត់បង់ជីវិតអស់ជាង៧៥០០០នាក់មកហើយ៕