រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែននឹងត្រូវអង្គុយទល់មុខគ្នានៅអាមេរិក
បរទេស ៖ បើមិនមានអ្វីប្រែប្រួលទេនោះកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែននឹងត្រូវជួបមុខក្នុងអង្គប្រជុំអង្គុយទល់មុខគ្នាជាមិនខាន។
យោងតាមការចេញផ្សាយរបស់បរទេសបានឲ្យដឹងថាតំណាង ខាងប្រទេសរុស្ស៊ីគឺលោករដ្ឋមន្ត្រី Sergei Lavrov នឹងត្រូវធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលដ៏ធំនេះដែលមានប្រធានបទសំខាន់ស្តីអំពីប្រទេសអ៊ុយក្រែន ខណៈដែលភាគីខាងអ៊ុយក្រែនជឿជាក់ថា លោកប្រធានាធិបតី Vladimir Zelensky ក៏នឹងនឹងអញ្ជើញធ្វើដំណើរមកចូលរួមដូចគ្នាដែរ។
កន្លងមកកាសែត The Bloomberg បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenskyy អាចនឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កក្នុងខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិដោយឡែកការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងស្ថិតនៅក្រោមការពិចារណានៅឡើយ។
ក្រោយមក គេបានអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy នឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមាននៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែកញ្ញា ហើយបើ តាមសេចក្តីរាយការណ៍ ប្រធានាធិបតីអ៊ុយក្រែន ក៏នឹងអាចអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំមួយនៃសភាអាមេរិកផងដែរ។
ភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform បានបញ្ជាក់ថា តាមកាលវិភាគទុកជាមុនសុន្ទរកថារបស់លោក Zelenskyy នៅឯមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានគេរំពឹងទុកនៅព្រឹកថ្ងៃទី១៩ខែកញ្ញា ហើយនៅថ្ងៃទី២០ខែកញ្ញា លោក Zelenskyy នឹងចូលរួមក្នុងការពិភាក្សាបើកចំហនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន៕