Close

ក្រសួងកសិកម្មស្នើភាគីអូស្ត្រាលីក្នុងការសិក្សាពីចង្វាក់ផលិតកម្មពូជស្រូវចំប៉ីស៧០ ដើម្បីរកទីផ្សារ​ជាក់លាក់ជូនកសិករ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មស្នើភាគីអូស្ត្រាលីក្នុងការសិក្សាពីចង្វាក់ផលិតកម្មពូជស្រូវចំប៉ីស៧០ ដើម្បីរកទីផ្សារ​ជាក់លាក់ជូនកសិករ ក្រសួងកសិកម្មស្នើភាគីអូស្ត្រាលីក្នុងការសិក្សាពីចង្វាក់ផលិតកម្មពូជស្រូវចំប៉ីស៧០ ដើម្បីរកទីផ្សារ​ជាក់លាក់ជូនកសិករ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនាថ្ងៃទី ០៦ ខែកញ្ញាម្សិលមិញនេះ បានទទួលជួបសម្ដែងការគួរសម​ជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូត​អូស្ត្រាលីប្រចាំ​នៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ស្នើ​ដល់​ភាគី​អូស្ដ្រាលី​ពិនិត្យ​លទ្ធភាព​សិក្សា​អំពីខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ពូជ​ស្រូវ​ចំប៉ីស​៧០ ដើម្បី​ធានា​បាននូវ​ទីផ្សារ​ជាក់​លាក់​មួយ​សម្រាប់​កសិករ​ដែល​ផលិត​ពូជ​ស្រូវ​នេះនា​ពេល​អនាគត​។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​បន្ទាន់​ចំនួន​៦ ដែល​ក្នុង​នោះក៏​មាន​ផង​ដែរ គោល​នយោបាយ​ទាក់ទង​នឹង​វិស័យ​កសិកម្មដែលស្ដីពីការ​ដាក់​ពង្រាយ​មន្ដ្រី​កសិកម្ម​នៅ​តាម​ឃុំ​ដែល​មាន​សកម្មភាព​កសិកម្ម ដើម្បីជួយដល់កសិករ និង​ការ​ពង្រឹង​សហគមន៍​កសិកម្មឱ្យកាន់តែប្រសើរ​។

ម្យ៉ាងទៀត ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍធនធានមនុស្សឯណោះវិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើក​ឡើង​ពី​តម្រូវ​ការ​ចាំ​បាច់របស់​និស្សិត​សិក្សា​ផ្នែក​កសិកម្ម​ ដែល​ត្រូវ​ការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុង​ផ្នែក​ភាសា នវានុវត្តន៍ និង​បច្ចេកវិទ្យា។ ឯកឧត្តម​បញ្ជាក់​ពី​ការ​ស្វាគមន៍ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​ភាគី​អូស្ត្រាលី​ក្នុង​ការ​ផ្ដល់​សាស្ត្រាចារ្យ​មក​បង្រៀន​និស្សិត​ក្នុង​ផ្នែកទាំង​នេះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលី​ដែល​មានកិច្ចសហប្រតិ​បត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យ​កសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ពូជ​ស្រូវ​ចំប៉ី​ស​៧០ បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី គឺ​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​កម្ពុជា​និង​អូស្ត្រាលី នៅ​ក្នុង​វិស័យ​កសិកម្ម​។

គួរបញ្ជាក់ថា «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូបដែលត្រូវ​បាន​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បញ្ចេញ និង​ផ្សព្វផ្សាយ​ជូន​កសិករ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ២០២២។ ពូជស្រូវនេះចាប់ផ្ដើម​បង្កាត់​នៅ​ឆ្នាំ២០១៣ តាមរយៈ​ការ​បង្កាត់​រវាង​ពូជ​​ស្រូវ​ផ្កា​រំដួល ​​ជាប្រភេទពូជស្រូវស្រាល​​ប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។

ពូជនេះ មាន​កម្ពស់​ដើមជា​មធ្យម​ពី ១១៣-១១៩ សង់ទីម៉ែត្រ និង​ចំនួន​ដើម​បែក​ផ្ដល់​ផល​ពី ៥-១០​ដើម​ក្នុងមួយ​គុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែក​ឯ​ គ្រាប់អង្ករវិញ គឺ​សថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិផងដែរ​៕

អត្ថបទទាក់ទង