Close

ឯកអគ្គរដ្ឋទូតចិន ៖ និស្សិតដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិននឹងក្លាយជាបញ្ញវន្តរួមចំណែកកសាងប្រទេសកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិន ៖ និស្សិតដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិននឹងក្លាយជាបញ្ញវន្តរួមចំណែកកសាងប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតចិន ៖ និស្សិតដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិននឹងក្លាយជាបញ្ញវន្តរួមចំណែកកសាងប្រទេសកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានរំពឹងថា និស្សិតដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិននឹងខិតខំរៀនសូត្រ ក្លាយជាបញ្ញវន្តក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា និងចំណងមិត្តភាពរវាងចិននិងកម្ពុជា ខណៈរដ្ឋាភិបាលចិនតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Wang Wentian មានប្រសាសន៍ដូច្នេះកាលពីថ្មីៗនេះ អំឡុងពេលស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំពិធីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-ចិន២០២៣ និងជូនដំណើរនិស្សិតអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ឆ្នាំ ២០២៣ នេះគឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជា”ឆ្នាំមិត្តភាពចិន-កម្ពុជា”។ ថា្នក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី និងបានបង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។

ទន្ទឹមនេះ ឯកឧត្តម Wang Wentian មានប្រសាសន៍លើកឡើងដោយសង្ឃឹមថា និស្សិតដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិននឹងខិតខំរៀនសូត្រ ក្លាយជាបញ្ញវន្តក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា និងចំណងមិត្តភាពរវាងចិននិងកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសកម្ពុជា-ចិន ដោយបានថ្លែងថា រដ្ឋាភិបាលចិនតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តសិស្សនិស្សិតឱ្យស្រឡាញ់ឱកាសទៅសិក្សានៅប្រទេសចិនដែលផ្តល់ដោយរដ្ឋាភិបាលទាំងពីរ ខិតខំសិក្សា ដើម្បីក្លាយជាអ្នកបន្តវេននៃចំណងមិត្តភាពរវាងកម្ពុជា-ចិននាពេលអនាគត រួមចំណែកជាកម្លាំងក្នុងការកសាងសហគមន៍វាសនារវាងកម្ពុជា-ចិននាយុគសម័យថ្មី។

សូមបញ្ជាក់ថា យុវជនចិននិងកម្ពុជាជាង២០០រូប ក្នុងនោះរួមមានមន្រ្តីការទូតយុវជននៃស្ថានទូត លោកគ្រូអ្នកគ្រូយុវជននៃវិទ្យាស្ថានខុងជឺ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងមូលនិធិមុតិតា និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិននិងអាហារូបករណ៍រដ្ឋាភិបាលចិនដែលផ្តល់ជូនបរទេស បានចូលរួមក្នុងវិធីខាងលើ កម្មវិធីខាងលើត្រូវបានរៀបចំឡើងប្រកបដោយបរិយាកាសរីករាយ៕

អត្ថបទទាក់ទង