Close

លោក Zelensky ហាក់មិនចង់រៀបចំការបោះឆ្នោត ខណៈលោកខាងលិចកំពុងទាមទារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Zelensky ហាក់មិនចង់រៀបចំការបោះឆ្នោត ខណៈលោកខាងលិចកំពុងទាមទារ លោក Zelensky ហាក់មិនចង់រៀបចំការបោះឆ្នោត ខណៈលោកខាងលិចកំពុងទាមទារ

បរទេស ៖ ថ្មីៗនេះ លោកខាងលិចបានព្យាយាម និងអំពាវនាវឲ្យអ៊ុយក្រែនគួរតែធ្វើការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីឲ្យបាននៅឆ្នាំក្រោយនេះ ជាពិសេស ក្រោយសមាជិកសភាអាមេរិក Linsey Graham ដែលទើបតែបញ្ចប់ទស្សនកិច្ចក្នុងទីក្រុងគៀវកាលពីសប្តាហ៍មុននេះ។

ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន លោក Vladimir Zelensky បានធ្វើការឆ្លើយតបវិញចំពោះកិច្ចការងារនេះក្នុងជំហមួយដែលអាចឲ្យគេមើលឃើញថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនគួរត្រូវបានរៀបចំក្នុងស្ថានភាពបែបនេះឡើយ ហើយលោកក៏បានលើកឡើងនូវមូលហេតុផ្សេងៗមួយចំនួនទៀតផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Zelensky បានថ្លែងថា លោកមិនជំទាស់នឹងការរៀបចំការបោះឆ្នោតទេ ប៉ុន្តែលោកខាងលិចគួរតែត្រៀមក្នុងការចំណាយជំនួយយ៉ាងច្រើនផងដើម្បីដំណើរការងារនេះ ហើយត្រូវតែទទួលខុសត្រូវចំពោះហានិភ័យនានាក្នុងពេលដែលអ៊ុយក្រែនកំពុងតែមានជម្លោះជាមួយនឹងរុស្ស៊ីបែបនេះ។

លោក Zelensky ថែមទាំងបានព្រមានថា អាមេរិក និងលោកខាងលិចអាចបញ្ចូនក្រុមអ្នកឃ្លាំមើលការបោះឆ្នោតរបស់ខ្លួនមកផង ហើយអ៊ុយក្រែននឹងរៀបចំលេណដ្ឋានដ៏សមរម្យក្នុងពេលដែលពួកគេកំពុងធ្វើការងារដើម្បីធ្វើយ៉ាងណាអាចទទួលបាននូវការបោះឆ្នោតដ៏ត្រឹមត្រូវ និងស្របច្បាប់មួយ។

មិនត្រឹមតែប៉ុណ្ណោះ លោក Zelensky ក៏បានអះអាងដែរថា លោកបានសួរសំណួរមួយទៅកាន់មន្ត្រីនយោបាយជាន់ខ្ពស់របស់អាមេរិករូបនោះផងដែរថា តើអាមេរិកបានត្រៀមរួចហើយឬនៅដើម្បីផ្តល់ជាថវិកា៥ពាន់លានដុល្លារសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តី យោងតាមការអះអាងដោយអាជ្ញាធរជាតិរបស់អ៊ុយក្រែនជាច្រើនបានឲ្យដឹងថា ការរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែនសម្រាប់តំណែងប្រធានាធិបតីនឹងអាចត្រូវការចំណាយថវិកាត្រឹមតែ ១៣៥លានដុល្លារប៉ុណ្ណោះ។

ជាចុងក្រោយ លោកបានបន្ថែមថា ៖ ” ខ្ញុំមិនសុំអ្វីនោះទេ ប៉ុន្តែដាច់ខាតខ្ញុំនឹងមិនរៀបចំការបោះឆ្នោតតាមរយៈការផ្តល់កម្ចីនោះទេ ហើយខ្ញុំក៏នឹងមិនយកលុយពីមូលនិធិសម្រាប់ទិញអាវុធដែលកំពុងចាំបាច់ទៅជាការចំណាយសម្រាប់ការបោះឆ្នោតនោះដែរ”៕

អត្ថបទទាក់ទង