ប្រតិភូកម្ពុជាចូលរួមមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧ នៅប្រទេសកាណាដា
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួមមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧ ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង វែនកូវើ ប្រទេសកាណាដា។
ដោយឡែក សម្រាប់ថ្ងៃដំបូងនេះ ប្រតិភូកម្ពុជាបានចូលរួមតាមកិច្ចប្រជុំតូចៗ និងកិច្ចប្រជុំទ្វេភាគី មួយចំនួនរួមមានដូចជា៖ កិច្ចប្រជុំស្តីពីការលើកកំពស់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ កិច្ចប្រជុំទ្វេភាគីជាមួយតំណាង GEF, UNEP និងក្រុមហ៊ុន Nestle ស្តីពីសេដ្ឋកិច្ចវិលជុំពាក់ព័ន្ធនឹងការកាត់បន្ថយ និងការគ្រប់គ្រងសំណល់ប្លាស្ទិក។
ក្នុងនោះផងដែរ ក៏មានកិច្ចប្រជុំស្ដីពី BBNJ កិច្ចប្រជុំស្ដីពីដំណោះស្រាយផ្អែកលើធម្មជាតិ កិច្ចប្រជុំស្តីពីការពន្លឿនការអនុវត្តក្របខណ្ឌការងារជីវៈចម្រុះសកល និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តក៏ដូចជាផែនការសកម្មភាពស្តីពីជីវៈចម្រុះ និងចុងក្រោយគឺកិច្ចប្រជុំស្តីពីខួប ៣០ ឆ្នាំនៃកម្មវិធីជំនួយខ្នាតតូច។ល។
យ៉ាងណាមិញ ប្រតិភូកម្ពុជានឹងបន្តជួបពិភាក្សាទ្វេភាគីជាមួយភាគីសំខាន់ៗក្នុងថ្ងៃបន្តបន្ទាប់ទៀតរួមទាំងម្ចាស់ជំនួយដើម្បីបន្តកៀរគរធនធានអនុវត្តសកម្មភាពអាទិភាពនានាសម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជារួម៕