Close

ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ អាសិប នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ សង្គម
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ អាសិប នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ អាសិប នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សៀវភៅ «អាសិប (RCEP) ៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ ខណៈកិច្ចព្រមព្រៀង អាសិប នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងដូច្នេះ នាពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់ (RCEP: PART 1—GEO-POLITICAL, GEO-ECONOMIC AND LEGAL ANALYSIS)» កាលចុងសប្តាហ៍កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាសិប គឺជាប្រធានបទដែល ឯកឧត្តម ស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ាជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។ អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ ហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស។

គួរបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាម៉េរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អត្ថបទទាក់ទង