Close

អតីតជំនួយការប្រធានាធិបតីអ៊ុយក្រែន ២ជំនាន់និយាយថា លោក Zelensky គឺជាគ្រោះថ្នាក់របស់អ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អតីតជំនួយការប្រធានាធិបតីអ៊ុយក្រែន ២ជំនាន់និយាយថា លោក Zelensky គឺជាគ្រោះថ្នាក់របស់អ៊ុយក្រែន អតីតជំនួយការប្រធានាធិបតីអ៊ុយក្រែន ២ជំនាន់និយាយថា លោក Zelensky គឺជាគ្រោះថ្នាក់របស់អ៊ុយក្រែន

បរទេស ៖ លោក Oleg Soskinដែលធ្លាប់ជាជំនួយការរបស់អតីតប្រធានាធិបតីអ៊ុយក្រែនចំនួន២រូបកាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០នោះបានលើកឡើងថាភាពខ្វះខាតនៃសមត្ថភាពដឹកនាំប្រទេសរបស់លោក Vladimir Zelensky បាន និងកំពុងតែនាំមកនូវគ្រោះមហន្តរាយយ៉ាងអាក្រក់សម្រាប់ប្រទេសអ៊ុយក្រែន។

វិដេអូផ្តល់បទសម្ភាសន៍មួយ និងត្រូវបានយកមកបង្ហោះលើបណ្តាញចែករំលែកយូធូបលោក Oleg បាននិយាយថា៖សេដ្ឋកិច្ចរបស់អ៊ុយក្រែនត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងក្នុងពេលដែលកំពុងមានជម្លោះជាមួយនឹងរុស្ស៊ី ហើយមកទល់ពេលនេះយើងមិនមើលឃើញមានដំណោះស្រាយឬភាពល្អប្រសើរឡើងវិញនៅឡើយដែរ។

លោកបានបន្តទៀតថា ការទទូចដដែលៗរបស់ Zelensky ដែលថាអ៊ុយក្រែននឹងយកឈ្នះរុស្ស៊ី និងការស្ទាក់ស្ទើររបស់គាត់ក្នុងការទទួលស្គាល់ស្ថានភាពជាក់ស្តែង គឺជាសញ្ញាមួយដែលបង្ហាញអំពីភាពកំសោយនៃការដឹកនាំរបស់លោក Zelensky ក្នុងនាមជាប្រធានាធិបតីហើយវាជាការដឹកនាំដែលមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ឡើយ។

លោក Oleg ដែលធ្លាប់បានបម្រើការជាជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Leonid Kravchuk ក្នុងឆ្នាំ១៩៩២ និង១៩៩៣ ហើយក្រោយមកគឺលោកប្រធានាធិបតី Leonid Kuchma រវាងឆ្នាំ១៩៩៨ និងឆ្នាំ២០០០ បានព្រមានបែបនេះទៀតថា ៖ លោក Zelensky គឺជាបុគ្គលដែលនឹងនាំមកនូវគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជន និងប្រទេសអ៊ុយក្រែននៅពេលនេះ។

រំលឹកដែរថា កាលពីដើមសប្តាហ៍នេះ លោក Zelensky បានអះអាងថា ក្រុមកងកម្លាំងយោធាអ៊ុយក្រែនកំពុងរៀបចំយុទ្ធសាស្ត្រថ្មីដ៏មានឥទ្ធិពលបំផុតមួយទៀតនៅពេលខាងមុខដោយសហការជាមួយដៃគូលោកខាងលិចហើយបានពន្យល់ថា អ៊ុយក្រែនបានបោះជំហានមួយទៀតឆ្ពោះទៅរកការតបតបឡើងវិញជាមួយនឹងរុស្ស៊ី។

គួរឲ្យដឹងដែរថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលធ្វើឡើងកាលពីខែមិថុនាដែលលោក Zelensky ធ្លាប់បានធានាថាគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការដណ្តើមទឹកដីដែលបាត់បង់ទៅលើរុស្ស៊ីមកវិញនោះហាក់បានត្រឹមតែបរាជ័យដោយយោធារបស់អ៊ុយក្រែនក្នុងអំឡុងពេលនេះបានបាត់បង់ជីវិតដល់ទៅជាង ៤៣,០០០នាក់ និងសព្វាវុធដល់ទៅ ៥,០០០គ្រឿងត្រូវបានបំផ្លាញ៕

អត្ថបទទាក់ទង