ក្រសួងប្រកាសដាក់ឱ្យអនុវត្តផែនការទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ផ្ដោតលើការផ្សព្វផ្សាយ
(ភ្នំពេញ)៖ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» ដែលចុះជាផ្លូវការតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
បើតាមក្រសួងទេសចរណ៍ គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដើម្បីដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍សម្រាប់ខេត្តសៀមរាបតាមគ្រប់រូបភាព ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ សំដៅបង្កើនកិត្តិនាមខេត្តសៀមរាប។
យ៉ាងណាមិញ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗ រួមមាន៖ ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និងពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាបតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនោះ ដើម្បីការផ្សព្វផ្សាយចេញដែលប្រកបដោយប្រសិទ្ធភាព ក្រសួងបានដាក់ចេញនូវ ២១ សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២៣-២០២៦ ធ្វើយ៉ាងណាអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០១៩)។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានដាក់ផែនការដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់ នៅត្រឹមឆ្នាំ២០២៦៕